នារីបុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារ MH ២នាក់ ឈ្លោះប្រកែកគ្នា រហូតប្រើកូនកន្ត្រៃ ចាក់ត្រូវនារីម្នាក់របួសធ្ងន់
-

ភ្នំពេញៈ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារ MH ទីតាំងដីឡូត៍លេខ៦១-៦៣ ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ នារីបុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារ MH ២នាក់ ម្នាក់របួសធ្ងន់ ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ក្រោយកើតជម្លោះគ្នាបន្តិចបន្តួច រហូតក្លាយជាហិង្សាវាយប្រតប់គ្នាទៅវិញទៅមក ស្រាប់តែជនដៃដល់ទាញកូនកន្ត្រៃបាន ចាក់ត្រូវដងខ្លួននារីរងគ្រោះចំនួន៣កន្លែង របួសធ្ងន់ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើអំពើហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ដោយបានយកកូនកន្ត្រៃសម្រាប់ច្រឹបអំបោះ ចាក់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យរងរបួសនៅដើមដៃខាងឆ្វេង, គន្លាក់ដៃខាងឆ្វេង និងរងរបួសធ្ងន់លើចង្កេះខាងឆ្វេង។ ដោយជនសង្ស័យឈ្មោះ ទុំ សោភ័ណ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារ MH ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ម ស្រីមាស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជា បុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារ MH ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

មន្រ្តីដដែលបន្តទៀតថា មូលហេតុបណ្តាលមកពីទាស់សម្ដីគ្នានេះ គឺមកពីជនរងគ្រោះបានយកដបទឹកបាញ់សក់ បាញ់ទឹកដាក់ជនសង្ស័យ បណ្តាលឲ្យប្រឡាក់ផ្ទៃមុខ ដែលទើបតែតុបតែងរួច ក៏កើតជារឿងឈ្លោះប្រកែកគ្នា,ប្រតាយប្រតប់គ្នា ហើយជនសង្ស័យក៏បានយកកូនកន្ត្រៃ ចាក់ទៅលើជនរងគ្រោះត្រូវ ចំនួន៣កន្លែង បណ្តាលឲ្យរងរបួសធ្ងន់។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕