កម្លាំងអន្តរាគមន៍បង្ការ ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនចោរញីឈ្មោល ចំនួន៤នាក់ ក្រោយធ្វើសកម្មភាពលូកកាបូបយកលុយពីស្រ្ដីម្នាក់ បានចំនួន....
-

បាត់ដំបងៈ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងសាលាឆាន់វត្តភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនសង្ស័យចំនួន៤នាក់ មានឈ្មោះ ១.ឈ្មោះ ផល អ៉ីម ភេទស្រី អាយុ ២៨ឆ្នាំ។ ២.ឈ្មោះ ហង្ស ណារី ភេទស្រី អាយុ ២៩ឆ្នាំ។ ៣.ឈ្មោះ ពេជ្រ សុភក្រ្ត័ ភេទប្រុស អាយុ ៣០ឆ្នាំ។ ៤.ឈ្មោះ ផល ផា ភេទប្រុស អាយុ ២៩ឆ្នាំ ទាំងបួននាក់ មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។ ត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព លូកកាបូបយកលុយពីស្រ្ដីម្នាក់។ 

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង ក្រោយពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពលូកកាបូបយកលុយចំនួន ១០០០ដុល្លារ ពីជនរងគ្រោះឈ្មោះ ចេង ប៊ុនរ៉ានី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ជនសង្ស័យខាងលើ ក្រោយពីឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ពេលនេះត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ប្រគល់ឲ្យទៅ ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ៕