ជនឃោរឃៅម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ក្រោយពីដុតផ្ទះបងប្រុស និងគំរាម....
-

ភ្នំពេញៈ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពីបទវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់គ្រួសារបងប្រុសខ្លួនឯង។

អំពើនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រ នៅចំណុច ផ្ទះលេខ១៣X ផ្លូវ២៦១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើងដោយជនឃោរឃៅ ០១នាក់ ដែលវីរវ៉ក់ និងគ្រឿងញៀន មានឈ្មោះ ចាន់ ផាន់ណារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ បានធ្វើសកម្មភាពយកស៊ាំងមកចាក់ដុតមាត់ទ្វាររបងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ ភេទប្រុស អាយុ ៣៦ ដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យ បណ្តាលឲ្យឆាបឆេះរូលខ្លោចទ្វារផ្ទះ ផ្អើលដល់អ្នកជិតខាងដែលនៅក្បែរនោះ ចេញមកមើល និងជួយពន្លត់ តែជនសង្ស័យខាងលើបានគេចខ្លួនបាត់ទៅហើយ ក្នុងហេតុការណ៍ឆេះនោះ គឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។ មូលហេតុបណ្តាលឲ្យរូបគេដុតផ្ទះបងប្រុសរបស់ខ្លួន គឺមកពីសុំលុយគាត់ចាយមិនបាន។  

ក្រោយពីកើតហេតុថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២:១០នាទី រូបគេត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានតែម្តង នៅចំណុចភូមិកូនខ្ចី ផ្លូវ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕