ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោកបានលើកឡើងថា "ក្នុងនាមរដ្ឋបាលស្រុកព្រៃនប់ និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមធ្វើការបដិសេធលិខិតផ្ទេរសិទ្ធិកាន់កាប់ដីនៅភូមីគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលជនខិលខូចបានក្លែងបន្លំដើម្បីបោកប្រាស់អ្នកដទៃ(ហត្ថលេខា និងត្រាក្លែងក្លាយ) ។
ដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ក្នុងតួនាទីជាអភិបាលស្រុកខ្ញុំពុំដែលចុះហត្ថលេខា ឬអនុញ្ញាតឲ្យអភិបាលរងស្រុកណាម្នាក់ចុះហត្ថលេខាជំនួសលើការផ្ទេរអចលនទ្រព្យមិនទាន់ចុះបញ្ជី(ប្លង់ទន់) ដែលមិនបានអនុវត្តត្រឹមត្រូវតាមនីតិវិធីឡើយ ។
រដ្ឋបាលស្រុកនឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការលើជនខិលខូចដែលក្លែងបន្លំឯកសារសាធារណៈមកផ្តន្ទាទោស។ សូមសាធារណជនទាំងអស់ដែលមានបំណងទិញដីធ្លីនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់មានការប្រុងប្រយ័ត្ន ពិនិត្យឲ្យបានល្អិតល្អន់ទៅលើឯកសារដែលពាក់ព័ន្ធ មុននឹងឈានទៅដល់ការសម្រេចចិត្ត ជៀសវាងការចាញ់បោកជនខិលខូចធ្វើឲ្យខាតបង់ថវិកា និងប្រឈមនឹងទោសទណ្ឌមួយចំនួន ។
ដើម្បីធានាបាននូវការទិញ-ដូរបានដោយស្របច្បាប់ សាធារណជនទាំងអស់អាចមកទំនាក់ទំនងសាកសួរព័ត៌មានពីរដ្ឋបាលស្រុកព្រៃនប់ នៅរៀងរាល់ម៉ោងធ្វើការ" ៕


ប្រភព៖ Kackada Sar