ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅតុលាការ នៅរសៀលនេះ ដែលជនសង្ស័យ២នាក់ មានឈ្មោះ ឆែម ប៊ុនឌឿន អាយុ១៨ឆ្នាំ។ និងទី២.ឈ្មោះ នុត សុធុន អាយុ១៨ឆ្នាំ។ ជាមុខសញ្ញា វាយប្លន់និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ជាពិសេសទឹកដីខណ្ឌពោធិ៍សែនជ័យ។

កាលពីវេលាម៉ោង១២ៈ៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រសាស លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមនេះប្រើរូបភាព ជិះម៉ូតូជាក្រុមៗដូចដើរលេងអញ្ចឹង ហើយក្រុមនេះជិះសុទ្ធតែម៉ូតូសង់ លុះនៅពេលឃើញឱកាសល្អក៏ធ្វើសកម្មភាពតែម្តង។ ចំណែកជនរងគ្រោះឈ្មោះ បាន បញ្ញា អាយុ១៩ឆ្នាំ និងម៉ូតូដែលជនសង្ស័យនោះម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ និងទូរស័ព្ទម៉ាកអាហ្វូនមួយគ្រឿង។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុជនរងគ្រោះរួមជាមួយមិត្តភក្តិ៤នាក់ផ្សេងទៀត បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរចេញពីដើរលេងនៅកោះពេជ្រ តាមបណ្ដោយផ្លូវវ៉េងស្រេងកាត់តាមរង្វង់មូលចោមចៅមកតាមផ្លូវជាតិលេខ៣ មកដល់ត្រង់ចំណុចការដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិព្រៃកី (ក) សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យចំនួន៨នាក់ ជិះម៉ូតូ៤គ្រឿង ហើយពេលនោះ ជនសង្ស័យជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ជិះកៀរម៉ូតូជនគ្រោះ រួចយកមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះរេចង្កូតដួលចូលប្រឡាយ រួចក្រុមជនសង្ស័យបានស្រែកថា កាប់វាឲ្យងាប់។ បន្ទាប់មកជនសង្ស័យក៏យកទូរស័ព្ទនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងត្បូងបាត់ស្រមោលតែម្តង។

លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវរហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងរបស់លោកឈនដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងបក្ខពួក៦នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ហើយកម្លាំងរបស់លោកក៏កំពុងស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យនោះឲ្យទាល់តែបាន ទាំងអស់មិនទុកឲ្យ ធ្វើសកម្មភាពបំពុលសង្គម ទៀតឡើយ ៕