ផ្លែម្រះត្រូវបានគេស្គាល់ថា ជាប្រភេទបន្លែដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ វាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែកជាដើម។ ប៉ុន្តែដោយសារវាអាចមានផលប៉ះពាល់ខ្លះ ទើបមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចហូបបន្លែល្វីងមួយនេះបានទេ។ មូលហេតុមួយចំនួនដែលមិនគួរហូបម្រះ ដើម្បីកុំឱ្យមានបញ្ហាដល់សុខភាព?
១.អ្នកមានសម្ពាធឈាមទាប: អ្នកធ្លាប់មានសម្ពាធឈាមធ្លាក់ចុះមិនគួរញ៉ាំម្រះទេ ដោយសារបន្លែប្រភេទនេះមានសារធាតុមួយចំនួនដែលបណ្ដាលឱ្យជាតិស្ករនៅក្នុងឈាមកាន់តែធ្លាក់ចុះទាប និងបង្កឱ្យជំងឺខាងលើនេះកាន់តែធ្ងន់ធ្ងរជាងមុន។
២.អ្នកទើបវះកាត់រួច: អ្នកជំនាញជាច្រើនរកឃើញថា ការញ៉ាំផ្លែម្រះអាចចូលទៅរំខានដល់ការគ្រប់គ្រងកម្រិតគ្លុយកូសក្នុងឈាមទាំងក្នុង និងក្រោយពេលវះកាត់។ ដូច្នេះជាការល្អ គួរតែបញ្ឈប់ការញ៉ាំអាហារទាំងឡាយដែលមានជាតិម្រះ យ៉ាងហោចណាស់ ២អាទិត្យ ទាំងមុន និងក្រោយពេលដែលត្រូវវះកាត់។
៣.អ្នកមានបញ្ហាថ្លើម និងតម្រងនោម: អ្នកជំងឺទាំង២ប្រភេទនេះ គួរចៀសវាងការញ៉ាំម្រះ ដោយសារវាជាប្រភេទបន្លែដែលពិបាករំលាយ និងអាចបណ្ដាលឱ្យទៅជាហើម។
៤.អ្នកមានបញ្ហាក្រពះ ពោះវៀន: សម្រាប់អ្នកដែលតែងមានបញ្ហាឈឺក្រពះ ពោះវៀនយល់ល្អកុំញ៉ាំបន្លែនេះអី ព្រោះធ្វើឱ្យក្រពះពិបាកដំណើរការ មិនងាយរំលាយអាហារបានស្រួល និងពិបាកបន្ទោរបង់។
៥.ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ: ផ្លែម្រះមិនសូវសម្បូរជាតិកាកសរសៃ និងជាតិខ្លាញ់ទេ ដូច្នេះវាមិនល្អឡើយសម្រាប់ធ្វើជាអាហារបំប៉នសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយពេលឆ្លងទន្លេ។ ក្រៅពីនេះ វាក៏អាចបណ្ដាលឱ្យទៅជាខ្វះជាតិស្ករទៀតផង។ មួយវិញទៀត ម្រះអាចជួយបង្កើនកម្លាំងមាត់ស្បូន ដែលអាចបណ្ដាលឱ្យមានការធ្លាក់ឈាម និងអាចឱ្យកូនកើតមិនគ្រប់ខែក៏ថាបាន។
ចំណែកស្ត្រីបំបៅដោះកូន មិនគួរញ៉ាំបន្លែនេះ ព្រោះសារធាតុប៉ះពាល់ទាំងឡាយអាចជ្រៀតចូលតាមរយៈទឹកដោះ បណ្ដាលឱ្យកូនមានបញ្ហា។
ប្រភព៖ អ៊ាង សុផល្លែត