ភ្នំពេញ៖ កាលពីវេលាម៉ោង ជាង១១យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាព ចូលដល់ក្នុងហាងលក់ភេសជ្ជៈយីហោ “ឈិន ស៊ិន” មួយកន្លែង ភ្ជង់ប្លន់ ជនជាតិចិនយកលុយអស់ ចំនួនប្រមាណជាង៣ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ស្រមោលតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យពីរនាក់ បានចូលទៅក្នុងហាងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំង២នោះ ចេញមកវិញ ដោយប្រញ៉ាប់ប្រញ៉ាល់ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់។ ក្រោយមកជនរងគ្រោះស្រែកឆោឡោចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុតែម្ដង ។

ជនជាតិរងគ្រោះ ជាជនជាតិចិនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយនាំជនជាតិចិនរងគ្រោះមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល។


ដោយ៖ភត្ត្រា