ក្រចេះ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ កម្លាំងនគរបាលស្រុកចិត្របុរី និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ ជាមួយប្រជាការពារភូមិ បានឃាត់ខ្លួនប្ដីនិងប្រពន្ធ ដែលបានចាយលុយដុល្លារក្លែងក្លាយ (លុយសែន)។

ជនសង្ស័យ២នាក់ ប្ដីប្រពន្ធមានឈ្មោះយ៉ន សំ ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ផាន ឡែន អាយុ៣៣ឆ្នាំ។ ជនសង្ស័យពីរនាក់នេះ រស់នៅភូមិខ្សាកឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ មន្ត្រីនគរបាលបានបន្តថា ប្តីប្រពន្ធនេះ បានជិះម៉ូតូមួយគ្រឿង ទៅទិញសាំងហើយឲ្យលុយទៅម្ចាស់លក់សាំងលុយម្ភៃដុល្លារ។ អ្នកលក់សាំងក៏បានអាប់លុយឱ្យហើយ ស្រាប់តែជនពីរនាក់ប្តីប្រពន្ធចាកចេញទៅយ៉ាងលឿន។ ក្រោយពីបានពិនិត្យលុយម្ដងទៀត ក៏ដឹងថាលុយនោះ ជាលុយក្លែងក្លាយ (លុយសែន) បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចង្ក្រង់។

ក្រោយពីបានទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាលជំនាញស្រុក សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងប្រជាការពារភូមិ បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។ ក្រោយពីនាំខ្លួនជនសង្ស័យពីរនាក់មកសួរនាំរួច បានដកហូតលុយដុល្លារក្លែងក្លាយ (លុយសែន) សរុបទាំងអស់ចំនួន៥.៤១៥ដុល្លារ និងម៉ូតូ១គ្រឿង។ ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់វិធានការតាមនីតិវិធីច្បាប់បន្ត ៕
