ឱសថធម្មជាតិព្យាបាលប្រមេះទឹកបាយ
ណារ៉ា
-

មុននឹងសិក្សាពីរូបមន្តធម្មជាតិព្យាបាលប្រមេះទឹកបាយ សូមមកស្វែងយល់អំពីជំងឺនេះ (ប្រមេះទឹកបាយ) ជាមុនសិន ដូចខាងក្រោម៖

១. ជំងឺ​ប្រមេះទឹកបាយ​ជាអ្វី?

ជំងឺ​ប្រមេះទឹកបាយ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ និង​អាច​កើត​ទាំង​មនុស្ស​ប្រុស​ទាំង​មនុស្ស​ស្រី​ ។​ ជំងឺ​ប្រមេះទឹកបាយ​ច្រើន​មានការ​ប៉ះពាល់​ទៅ​លើ​បង្ហួរនោម​ ថ្នក់​លាមក​(rectum)​ ឬ​បំពង់ក​ ។​ ចំពោះ​មនុស្ស​ស្រី​វិញ​ ជំងឺ​ប្រមេះទឹកបាយ​ក៏​ប៉ះពាល់​ទៅ​លើ​មាត់ស្បូន​ផង​ដែរ​ ។​

មនុស្ស​ភាគច្រើន​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​នេះ​តាម​រយៈ​ការ​រួម​ភេទ​ ។​ ប៉ុន្តែ​ចំពោះ​ទារក​ក៏​អាច​ឆ្លង​ជំងឺ​នេះ​បាន​តាម​រយៈ​ការ​សំរាលកូន​ប្រសិនបើ​ម្តាយ​នោះ​មាន​ផ្ទុក​ជំងឺ​នេះ​ ។​ ទារក​អាច​នឹង​មានការ​ប៉ះ​លើ​ភ្នែក​ច្រើន​ជាងគេ​ ។​

ជំងឺ​ប្រមេះទឹកបាយ​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​គេ​ច្រើន​ជួប​ប្រទះ​ ហើយ​ករណី​មួយ​ចំនួន​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ទាំងអស់​ ។​ អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ថា​ខ្លួនឯង​ឆ្លង​ជំងឺ​នេះ​ផង​ក៏​មិនដឹង​ ។​ ការ​តម​ការ​រួម​ភេទ​ ការ​ប្រើ​ស្រោមអនាម័យ​ក្នុង​ពេល​រួម​ភេទ​ និង​ការ​ស្រលាញ់​មនុស្ស​ម្នាក់​ស្មោះ​មួយ​នឹង​មួយ​ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ ។

២. រោគ​សញ្ញា

ជំងឺឆ្លង​ប្រមេះទឹកបាយ​អាច​ប៉ះពាល់​ដល់​កន្លែង​ជា​ច្រើន​នៃ​រាង​កាយ​មនុស្ស​យើង​ ប៉ុន្តែ​កន្លែង​ដែល​ប៉ះពាល់​ច្រើន​ជាងគេ​គឺ​ផ្លូវ​ប្រដាប់បន្តពូជ​ ។​

ប្រដាប់បន្តពូជ​

រោគ​សញ្ញា​របស់​ប្រដាប់បន្តពូជ​បុរស​មាន​ដូច​ជា​៖

-​ ​ឈឺ​ខ្លាំង​ពេល​នោម​

-​ ​មាន​ហូរ​ខ្ទុះ​ពី​ចុង​លិង្គ​

-​ ​ឈឺ​ ឬ​ហើម​ពងស្វាស​

រោគ​សញ្ញា​របស់​ប្រដាប់បន្តពូជ​ស្ត្រី​មាន​ដូច​ជា​៖

-​ ​ហូរ​ទឹករំអិល​ទ្វារមាស​កាន់តែ​ច្រើន​

-​ ​ឈឺចាប់​ខ្លាំង​ពេល​នោម​

-​ ​ហូរ​ឈាម​តាម​ទ្វារមាស​ក្នុង​ពេល​មិន​ទាន់​មក​រដូវ​ដូច​ជា​ បន្ទាប់​ពី​រួម​ភេទ​រួច​

-​ ​ឈឺពោះ​

-​ ​ឈឺ​ក្នុង​អាង​ត្រគៀក​

កន្លែង​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​

ជំងឺ​ប្រមេះទឹកបាយ​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​កន្លែង​ទាំងនេះ​នៃ​រាង​កាយ​ដូច​ជា​៖

-​ ​ថ្នក់​លាមក​៖​ រោគ​សញ្ញា​មាន​ដូច​ជា​រមាស់​នៅ​ក្នុង​រន្ធ​គូថ​ មាន​ហូរ​ខ្ទុះ​ចេញ​ មាន​កំណក​ឈាម​ស្រស់​នៅ​លើ​ក្រដាស់អនាម័យ​ពេល​សំអាត​ និង​ពេល​បន្ទោ​របង់​រួច​ ។​

-​ ​ភ្នែក​៖​ ជំងឺ​ប្រមេះទឹកបាយ​ដែល​ប៉ះពាល់​ទៅ​លើ​ភ្នែក​ប្រហែលជា​ធ្វើ​អោយ​ភ្នែក​ឈឺ​ មិន​អាច​ប៉ះ​ពន្លឺ​បាន​ និង​មាន​ហូរ​ខ្ទុះ​ចេញពី​ភ្នែក​ម្ខាង​ឬ​ទាំង​សងខាង​ ។​

-​ ​បំពង់ក​៖​ រោគ​សញ្ញា​នៃ​ជំងឺ​លើ​បំពង់ក​ប្រហែលជា​មាន​ដូច​ជា​ឈឺបំពង់ក​ និង​ហើម​កូនកណ្តុរ​នៅ​ក​

-​ ​សន្លាក់​៖​ ប្រសិនបើ​សន្លាក់​មួយ​ ឬ​ច្រើន​ទៅ​ជា​មាន​បញ្ហា​រលាក​សន្លាក់​ដោយសារ​បាក់តេរី​ វា​នឹង​ធ្វើ​អោយ​សន្លាក់​នោះ​ទៅ​ជា​ក្តៅ​ ក្រហម​ ហើម​ និង​ឈឺចាប់​ខ្លាំង​ ជា​ពិសេស​នៅ​ពេល​អ្នក​ធ្វើ​ចលនា​សន្លាក់​នោះ​ ។​

៣. មូលហេតុ​

ជំងឺ​ប្រមេះទឹកបាយ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា​ Neisseria​ Gonorrhoeae​ ។​ បាក់តេរី​ជំងឺ​ប្រមេះទឹកបាយ​វា​ច្រើន​តែ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួម​ភេទ​ដូច​ជា​ការ​រួម​ភេទ​តាម​មាត់​ តាម​រន្ធ​គូថ​ ឬ​តាម​ទ្វារមាស​ ។​

ខាងក្រោមនេះជារូបមន្តធម្មជាតិជួយព្យាបាលប្រមេះទឹកបាយ៖

រុក្ខជាតិឱសថ៖ ទំពាំងបាយជូរព្រៃ

ផ្នែកប្រើប្រាស់ៈ ដើម ស្លឹក

វិធីប្រើ និងកម្រិតប្រើៈ ហាលស្ងួត១៥-៣០ក្រាម ដាំទឹក១លីត្រផឹកក្នុងមួយថ្ងៃ។

– បើហើមដោយមុតមានខ្ទុះខាងក្នុងគេច្រើនយកមើមទំពាំងបាយជូរ និងមើមតាថុកដុសនឹងទឹកអង្ករលាបពីលើនឹងបានជាសះស្បើយ។

ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ខាងក្រោមជារូបភាពបន្ថែមនៃផ្លែទំពាំងបាយជូរព្រៃ