បាត់ដំបងៈ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រ ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកថ្មគោល និងស្រុកមោងឬស្សី អាជ្ញាធរខេត្តបាត់ដំបង បានដុតបំផ្លាញសាច់មងជាង២ម៉ឺនម៉ែត្រ និងព្រលែងកូនត្រីចំរុះជាង៥រយគីឡូក្រាម ក្រោយបើកការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប។

លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងនគរបាលខេត្តបាត់ដំបង បានអោយដឹងថា ដោយទទួលបានបទបញ្ជារពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងការិយាល័យជំនាញចុះសហការណ៍ជាមួយអាជ្ញាធរស្រុក ចំនួន៤បានបើកការបង្ក្រាបបទល្មើសនេសាទលើទីតាំងជាច្រើនក្នុងតំបន់រនាមនិងបឹងទន្លេសាប។
លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ បានធ្វើឡើងរយះពេលពេញមួយថ្ងៃ ដោយក្នុងនោះរឹបអូសបានឧបករណ៍នេសាទល្មើសច្បាប់ជាសាច់មងសរុបប្រវែង២៥៤៤០ម៉ែត្រ ឡុកចាប់ត្រីចំនួន៣២ឡុក បង្គោលចំនួន៩២២០ដើម និងបានព្រលែងកូនត្រីចម្រុះចំនួន៥០៣០គីឡូក្រាម។

លោកបន្តទៀតថា ក្រោយធ្វើការបង្ក្រាបដកហូតបានកូនត្រីចំរុះទាំងអស់ត្រូវបានព្រលែងចូលទឹកបឹងទន្លេសាបវិញ ដោយឡែកសម្ភារៈល្មើសច្បាប់ជាច្រើនត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង ក្រៅពីនោះក៏បានធ្វើការអប់រុំដល់ពលរដ្ឋចំនួន៤នាក់អោយវិលត្រឡប់ទៅសហគមន៍វិញផងដែរ ៕












