ភ្នំពេញៈ កាលពីវេលាម៉ោង៤ៈ១៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីម្នាក់បានទុកកាបូបក្រវាត់ចង្កេះមួយដែលមានលុយជិត២ពាន់ដុល្លារ នៅលើគ្រែក្បាលដំណេកក្បែរបង្អួចហើយត្រូវបានចោរឆ្កឹះគន្លឹះបង្អួចរួចបើកយកកាបូបលុយនោះ បន្ទាប់មកបានគេចខ្លួនបាត់ស្រមោល ខណៈនោះស្រ្តីខាងលើមិនបានស្គាល់ចោរឡើយ ប៉ុន្តែគាត់បានអះអាងថា បានឃើញភិនភាគចោរពីក្រោយ និងបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍។ លុះព្រឹកឡើងដោយផ្អែកតាមការចង្អុលបង្ហាញពីស្រ្តីរូបនោះ ទើបកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ឃាត់ខ្លួនបុរសម្នាក់នាំទៅសាកសួរ។

ស្រ្តីរងគ្រោះខាងលើឈ្មោះ សុខ ស្រីលីន អាយុ២៧ឆ្នាំ មានទីលំនៅផ្លូវបេតុង ភូមិកើតហេតុខាងលើ បាត់បង់លុយជាង១លានរៀល និង១,៤០០ដុល្លារ អត្តសញ្ញាណប័ណ្ណ ទូរស័ព្ទម៉ាកសាំស៊ុង១គ្រឿង។ ចំណែកជនសង្ស័យ ដែលត្រូវជនរងគ្រោះប្ដឹងចោទប្រកាន់នោះឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ជាកូនកំព្រាស្នាក់នៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកកាបូបលុយនៅលើគ្រែក្បាលដំណេក ក្បែរមាត់បង្អួច ។ លុះដល់ពេលកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ចូលទៅធ្វើសកម្មភាពឆ្កឹះគន្លឹះបង្អួច និងប្រើឧបករណ៍ថ្ពក់យកកាបូបរត់គេចខ្លួន។ ប៉ុន្តែពេលនាំទៅសាកសួរ ជនសង្ស័យបានបដិសេធន៍យ៉ាងដាច់អហង្ការ ហើយក៏មានអ្នកភូមិជិត១០នាក់ ទៅធានាអះអាងថា ជនសង្ស័យមិនបានប្រព្រឹត្តនូវអំពើចោរកម្មឡើយ ៕