ផ្អើលអស់កម្មករ និងអាជ្ញាធរខណ្ឌដង្កោ ខណះមានអគ្គីភ័យឆេះរោងចក្រផលិតស្នោយ៉ាងខ្លាំងដែលផ្ដើមចេញពី....
-

ភ្នំពេញៈ មានករណីអគ្គីភ័យឆាបឆេះរោងចក្រផលិត ស្នោ មួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ផ្តើមមកពីទុស្សេខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល កម្មករ ពលរដ្ឋក្បែរខាង សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីជាច្រើនគ្រឿង ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្មករចេញសម្រាកហូបបាយ ថ្ងៃត្រង់ ស្រាបតែខាងក្នុងបរិវេណរោងចក្រ ហុយផ្សែងខ្មួលខ្មាញ់ ឆាបឆេះរាលផ្ទៃខាងក្នុង បង្កឲ្យភ្ញាក់ផ្អើល។ ហេតុការណ៍ខាងលើត្រូវបានខាងរោងចក្រ ក៏ដូចជាសមត្ថកិច្ច សន្និដ្ឋានថា ផ្តើមមកពីទុស្សេចរន្តភ្លើង ហើយត្រូវបាន រថយន្តពន្លត់អគ្គីភ័យ បញ្ជូនទៅពីតាមបណ្តាអង្គភាព សាលាខណ្ឌ ស្នងការ ក្រសួងមហាផ្ទៃ និងអវុធហត្ថរាជធានីភ្នំពេញ ទៅរួមគ្នាបាញ់ទឹកពន្លត់។

តែទោះជាមានការអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គីភ័យយ៉ាងណាក្តី ឃើញថា ខាងក្នងរោងចក្រសុទ្ធតែស្នោ ទើបបង្កឲ្យភ្លើងឆាបឆេះលឿន ទទួលរងខូចខាតអស់មួយចំនួនធំ។ ក្នុងករណីអគ្គីភ័យឆាបឆេះរោងចក្រខាងលើ គេឃើញរថយន្តពន្លត់អគ្គីភ័យបានចេញទៅជួយអន្តរាគមន៍ចំនួន១៤រថយន្ត ហើយបានប្រើប្រាស់អស់ទឹកចំនួន៦រថយន្តទើបរលត់ទាំងនៅវេលាម៉ោង១២និង៣០ថ្ងៃដរដែល ៕

ដោយៈ ភារ៉ា