វីវហើយ!! លោក ស ថេត បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនមន្ត្រីយោធាម្នាក់ ឈ្មោះ ម៉ៅ អ៊ុច ក្រោយដើរកាងឆ្នោតវៀតណាមខុសច្បាប់ឲ្យ ឧកញ៉ា ណូ
-

ភ្នំពេញ៖ បន្ទាប់ពីឧកញ៉ា ណូ ក្រៅពីល្បីរឿងកាប់បំផ្លាញព្រៃឈើ និងរកស៊ីឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានគេរាយការណ៍ថា អាចបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួនទៀតផង ។ មិនតែប៉ុណ្ណោះ ឧកញ៉ារូបនេះ បានប្រើលុយប្រើអំណាច ជួលមន្ត្រីយោធាម្នាក់ ឈ្មោះ ម៉ៅ អ៊ុច ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ ហើយត្រូវបានលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនផងដែរ ។


យោងតាមប្រភពច្បាស់ការណ៍ សុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា ឧកញ៉ា ណូ បច្ចុប្បន្ន គឺជាមនុស្សមានទាំងអំណាច និងលុយ កំពុងបើកឆ្នោតវៀតណាមខុសច្បាប់ នៅគ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។ លើសពីនេះទៀត លោកឧកញ៉ារូបនេះ ក៏អាចប្រើលុយជួលសមត្ថកិច្ច ឲ្យចុះបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន មិនតែប៉ុណ្ណោះថែមទាំងជួលមន្រ្តីយោធា ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ទៀតផង។


ជាក់ស្ដែង ករណីថ្មីៗនេះ ក្រុមលោក ម៉ៅ អ៊ុច ដែលគេដឹងថា ជាមន្ត្រីយោធា និងជាកូនចៅរបស់លោកឧកញ៉ា ណូ បានចុះទៅចាប់កូនកញ្ច្រែងតាមផ្សារ ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួនយ៉ាងអនាធិបតេយ្យ បង្កការអុកឡុក និងរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានប្រជាពលរដ្ឋយល់ឃើញថា ដូចជាចោរប្លន់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយបង្កភាពអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ជាពិសេសនៅម្ដុំផ្សារសាមគ្គី ក្នុងទឹកដីខណ្ឌទួលគោក ដោយគ្មានខ្លាចសមត្ថកិច្ច ឬច្បាប់ឡើយ។ នេះបើតាមការបញ្ជាក់របស់ប្រភព។


ប្រភពមួយទៀត ឲ្យដឹងដែរថា បន្ទាប់ពីការចុះចាប់យ៉ាងអនាធិបតេយ្យពីសំណាក់លោក ម៉ៅ អ៊ុច និងកូនចៅហើយនោះ ប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីលក់ឆ្នោតខ្មែរស្របច្បាប់ បានដាក់ពាក្យប្ដឹងទៅអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ ក្នុងពាក្យបណ្ដឹង បានចោទទៅលើក្រុមមនុស្សចំនួន៣ទៅ៤នាក់ ដែលធ្វើការអុកឡុកការរកស៊ីរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ ពាក់ស្លាកលេខ ខេមរភូមិន្ទ។


ពាក់ព័ន្ធករណីនេះដែរ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលគ្រប់ខណ្ឌទាំងអស់ ចុះធ្វើការបង្ក្រាបឆ្នោតវៀតណាមខុសច្បាប់ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ហើយលោកស្នងការក៏បានបញ្ជាឲ្យចាប់ខ្លួនមន្រ្តីយោធាឈ្មោះ ម៉ៅ អ៊ុច ដែលបង្កការអុកឡុកដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។


ទោះជាបែបណាក្ដី ប្រជាពលរដ្ឋបានយល់ និងកត់សម្គាល់ឃើញថា បញ្ហាឆ្នោតវៀតណាមខុសច្បាប់ កំពុងរីកដូចផ្សិតក្នុងរាជធានីភ្នំពេញ ជាពិសេសទីប្រជុំជន តាមផ្សារនានា ដែលមានកូនកញ្ច្រែងកត់ឆ្នោតយ៉ាងច្រើន បើទោះបីជាសមត្ថកិច្ចបង្ក្រាបស្ទើររាល់ថ្ងៃក៏ដោយ។ បញ្ហានេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម ជាពិសេសសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នកំពុងប្រឈមយ៉ាងខ្លាំង ចំពោះករណីចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ កើតមានជារៀងរាល់ថ្ងៃ ៕



ដោយ៖ភារ៉ា