លោក លី ឧត្តម បានអះអាងថា ពណ៌នៃបន្ទប់គេងប្រណិតនោះ គឺមានពាក់ព័ន្ធនឹងការគន់គូររបស់គ្រូចិនសែល្បីឈ្មោះមួយរូប។ រឿងនោះ បានកើតឡើងជាយូរមកហើយ ប៉ុន្តែលោកនៅតែចាំ នូវអ្វីដែលគ្រូបានផ្ដាំ គឺថា ពណ៌មាស រមែងនាំភាពសមប្រកបមកឲ្យលោក។ ដូច្នេះហើយ ទើបលោកសម្រេចរចនាកន្លែងស្ងប់សុខនាពេលរាត្រី របស់លោក ជាពណ៌មាស។ “មុនរៀបខ្ញុំបានទៅមើលគ្រូចិនសែមួយ ប៉ុន្តែខ្ញុំទៅយូរហើយបង មិនមែនខ្ញុំចង់រៀប ហើយរត់ទៅរកភ្លាមទេ គឺខ្ញុំទៅយូរហើយ ប៉ុន្តែខ្ញុំនៅចាំ គាត់ថា ឆ្នាំខ្ញុំ និងធាតុរបស់ខ្ញុំហ្នឹង គឺត្រូវនឹងពណ៌មាស អីចឹងហើយទើបខ្ញុំសម្រេចយកពណ៌មាសហ្នឹង!”។
ដោយសារតែបែបនេះ គេឃើញថា គ្រប់យ៉ាងនៅក្នុងបន្ទប់គេងរបស់ ឧត្តម មិនថា គ្រែ ស៊ុមរូបថត តុ ទូ ឬរបស់ប្រើប្រាស់ទាំងឡាយទៀត សុទ្ធជាពណ៌មាសទាំងអស់។ សរុបការចំណាយ គឺអស់ប្រមាណជា ៣ពាន់ដុល្លារអាមេរិកឯណោះ ដែលតម្លៃប៉ុណ្ណេះ សល់ពីបញ្ចុះតម្លៃពិសេសពីហាងដែលលោកបានជ្រើសរើសផង។ ក្រោយពីចំណាយរាប់ពាន់ រំលេចពណ៌មាសពេញទាំងបន្ទប់គេង តារាប្រុសដដែល ប្រាប់ថា លោកបានកត់សម្គាល់ថា អ្វីៗពិតជាខុសប្លែកមែន ក្នុងនោះរាប់តាំងពីការគេងយប់។ លោកថា មុនរៀបបន្ទប់លោករមែងគេងមិនសូវស្កប់ យល់សប្ដិមិនល្អច្រើន ប៉ុន្តែក្រោយរៀបចំបន្ទប់រួចរាល់ហើយ យប់ណា ក៏លោកគេងបានឆ្អែតស្កប់ស្កល់ដែរ។
“ហ្នឹងមួយ ឯមួយទៀត ការងារ ក៏ហាក់រីកចម្រើនជាងមុនដែរ នេះបើតាមខ្ញុំកត់សម្គាល់ណាបង គឺគ្រាន់ជាងមុន និងធ្វើអ្វីផ្សេងទៀត ចេះតែសមប្រកបដែរ! ខុសពីមុនពេលរៀប គឺខ្ញុំតែងគេងឈឺក្បាល និងយល់សប្ដិអាក្រក់ៗប៉ុន្តែតាំងពីខ្ញុំរៀបបន្ទប់ហ្នឹងហើយ វាទៅជាលែងឈឺក្បាល លែងយល់សប្ដិអាក្រក់ៗអីចឹងណាបង”៕