អាវុធហត្ថក្រុងភ្នំពេញ ឃាត់រថយន្តគ្លីនិក និងសម្ភពរស្មី ដែលចេញដឹកជនរងគ្រោះ ល្មើសសេចក្តីណែនាំ
-

ភ្នំពេញៈ កាលពី​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៨ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​ឲ្យ​ដឹងថា គេបាន​ឃាត់​រថយន្ត របស់​គ្លីនិក និងសម្ភពរស្មី មួយគ្រឿង គ្រាដែលរថយន្តនោះ​ចេញ​ដឹក​ជន​រងគ្រោះ ដោយគ្រោះ​ថ្នាក់ចរាចរណ៍​នៅតាមផ្លូវ​វេង​ស្រេង​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយល្មើសសេចក្ដីណែនាំ។ គេបានប្រដេញចាប់​​រថយន្តនោះ​ រហូតដល់ទីតាំងគ្លីនិករស្មី នៅទល់មុខព្រលានយន្តហោះ ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ ចំណែ​កជននរង​គ្រោះ ដែល​រថយន្ត​គ្លី​និក​រស្មី ដឹកយកទៅនោះ ត្រូវបានសមត្ថកិច្ចផ្ទេរទៅឲ្យរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូច​លេខ​៧០​ដឹក​បញ្ជូនយកទៅមន្ទីរ​ពេទ្យកាល់ម៉ែត ។

គួរបញ្ជាក់ថា​ កន្លងទៅ​ដោយសារភាពអនាធិបតេយ្យ​ និងកង្វះការទទួលខុសត្រូវ​ ក្រសួងសុខាភិបាល​បានធ្វើការហាមប្រាម​មិនឲ្យ​គ្លីនិកឯកជន​ទទួលដឹកជន​រងគ្រោះ ពិសេសជន​រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដោយទុកភារៈនេះ ឲ្យ​រថយន្ត​សាមុយ របស់មន្ទីរពេទ្យ​រដ្ឋ។ ប៉ុន្តែបើទោះជាដូច្នេះក្ដីម្ដងម្កាល​គេឃើញរថយន្ត​ឯកជន​ឆក់ឱកាស​បំពានលើបំរាមនេះ ៕