ភ្នំពេញ ៖ ជនជាតិវៀតណាមជិត១០នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការបង្ក្រាបនឹងឃាត់ខ្លួន បន្ទាប់ពីសង្ស័យពាក់ព័ន្ធការលួចនឹងប្លន់ឡានពីវៀតណាមមកលាក់ទុកនៅប្រទេសកម្ពុជា ដោយប្រតិបត្តិការនេះអនុវត្តន៍តាមការបញ្ជាពីនាយកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នឹងមានការសម្របសម្រួលពីលោក ហឹុង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃដែលដឹកនាំចុះផ្ទាល់បានអោយដឹងថាក្រោយពីមានការបញ្ជាពីប្រធាននាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរហូតកំណត់ទីតាំងដែលក្រុមជនសង្ស័យកំពុងស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៨នេះ ទើបកម្លាំងរបស់លោកបានដាក់ផែនការចូលឡោមព័ទ្ធត្រង់ចំណុចទីតាំងខាងលើនឹងធ្វើការឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់រួមទាំងសម្ភារប្រើប្រាស់សម្រាប់កែច្នៃស្លាកលេខរថយន្ត នឹងស្លាកលេខរថយន្តមួយចំនួនធំហើយថែមទាំងដកហូតបានរថយន្តដែលនាំពីវៀតណាមចំនួនបីគ្រឿង ។
គួរបញ្ជាក់ថាចំពោះករណីនេះកម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនេះហើយក៏មិនទាន់ប្រាប់ច្បាស់ថាជាករណីអ្វីអោយប្រាកដ ដោយគ្រាន់តែបង្ហើបថាសង្ស័យពាក់ព័ន្ធនឹងករណីលួចរថយន្តពីប្រទេសវៀតណាមមកលាក់ទុកនៅស្រុកខ្មែរ ។ ក្រោយធ្វើការបង្ក្រាបជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានដឹកបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តការសាកសួរបន្ថែមទៀត៕
ដោយៈ ភារ៉ា