ទុស្សេឆេះបង្គោលភ្លើងនៅខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរាប់ម៉ោងនិងងងឹតពេញភូមិ
ណារ៉ា
-


ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានងងឹតភ្លើងគ្រប់ផ្ទះតែម្ដង ព្រោះតែមានករណីទុស្សេប្រអប់ភ្លើង និងឆាបឆេះជាខ្លាំងមិនឃើញអាជ្ញាធរចេញរថយន្តជួយពន្លត់ នាវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញប្រអប់ភ្លើងនៅលើបង្គោលភ្លើងខាងលើ បានទុស្សេយ៉ាងខ្លាំង ដោយមានទាំងអណ្ដាតភ្លើង និងផ្សែងហុយទ្រលោមផងដែរ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់មកបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជើង មានអ្នកខ្លះយកទឹកជះ តែទោះជាយ៉ាងណាករណីទុស្សេឆេះបង្គោលភ្លើងនោះមានទ្រង់ទ្រាយធំ មិនអាចគ្រប់គ្រងស្ថានការបាន ទើបប្រជាពលរដ្ឋបណ្ដោយឲ្យផ្ទុះឆេះតាមដំណើរអស់រយះពេលជាង២ម៉ោងទើបរលត់ទៅវិញ និងធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានងងឹតសូន្យផងដែរ ។

ក្នុងហេតុការណ៍ទុស្សេខាងលើនេះ គេពុំឃើញមានអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់នោះទេ ដោយបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យរបស់ខ្លួនផ្ទាល់ប្រហែល៥ទៅ៦បំពង់ ហើយមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សផងដែរ ៕