ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន ហើយមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះដោយស្រ្ដីម្នាក់កំពុងឌុបកូនប្រុសស្រីពីនាក់ចំពីក្រោយ បណ្ដាលឲ្យដួលរងរបួសរលាត់ដៃជើងឈាមពេញខ្លួន និងបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ និង០៥នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត័មានពីប្រជាពលដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CV-5786 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរេស៊េរីចាស់ ដែលជិះដោយស្ត្រីម្នាក់កំពុងឌុបកូនប្រុសស្រី២នាក់ ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យស្រ្ដីនិងកូនប្រុសស្រីពីនាក់រងរបួសរលាត់ដៃជើងឈាមពេញដៃជើង ចំណែកបុរសម្នាក់ជាម្ចាស់ម៉ូតូបង្កបានរងរួបសបែកឈាមពេញមុខផងដែរ ដោយម៉ូតូទាំងពីរគ្រឿងបានរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទៅដល់កន្លែងភ្លាមៗ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យសុខលាភមេត្រី ឲ្យមកដឹកជនរងគ្រោះ ទាំងបុរសបង្កហេតុ និងស្ត្រីម្នាក់ព្រមទាំងកូនប្រុសស្រី២នាក់រងរបួសខាងលើ យកទៅព្យាបាលរបួសផងដែរ ។ ហើយសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយកម៉ូតូបង្ករនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយតាមក្រោយ ៕







