ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ សាលារាជធានីភ្នំពេញ បានដាក់បង្ហាញនូវរូបគម្រូខ្លោងរបារកាត់ទទឹងផ្លូវចំនួន៥ជម្រើស ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ធ្វើការបោះឆ្នោតគាំទ្រ ដើម្បីយកដាក់តាំងបង្ហាញនៅតាមផ្លូវសាធារណចំនួន៤គោលដៅ សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨ ខាងមុខនេះ។

បើយោងតាមផេកគណនីហ្វេសបុក ផ្លូវការរបស់សាលារាជធានីភ្នំពេញ បានបានបញ្ជាក់ថា សូមគាំទ្រ (Like) រូបភាពមួយសន្លឹក ដែលបងប្អូនគិតថាស្អាត និងស័ក្តិសមជាងគេ។ (សូមចុច Like នៅតាមរូបភាព ដែលបងប្អូនពេញចិត្តតែម្ដង) រូបភាពទាំង ៥ជម្រើសខាងក្រោម គឺជាស្នាដៃរបស់បេក្ខជន ដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ដែលមានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ។ រូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន ៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។ ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ៕



