នគរបាលបង្ហាញមុខក្រុមចោរឆក់ យ៉ាងសកម្មក្នុងក្រុង២នាក់ មុនបញ្ចូនទៅតុលាការ
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យ២នាក់ដែលឃាត់ខ្លួន បន្ទាប់ពីពួកគេជាប់ពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទដៃម៉ាក IPhone 7Plusពីប្រជាពលរដ្ឋបានសម្រេច នៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ មុនបញ្ចូនទៅតុលាការ ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនបានជាប់ពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទដៃខាងលើមានឈ្មោះ ទី១-ឈ្មោះ ឃឺន រ៉ានិត ហៅ រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ ស៊ិន វិសាល ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះមិនចាំលេខ ផ្លូវលំ ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកនាយការិយាល័យបានបន្តថា វត្ថតាងជាមធ្យបាយធ្វើសកម្មភាពដែលចាប់យកបាន ១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1FO-3003 ចាប់យកពីឈ្មោះ ឃឺន រ៉ានិត ហៅ រ៉ា។ ២-ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ សលាយត្រួយចេក សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1HF-7259 ចាប់យកពីឈ្មោះ ស៊ិន វិសាល។ ដោយឡែកជនរងគ្រោះមានឈ្មោះ ប៊ិន គង្គាពិសី ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្សស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងជាម្ចាស់ទូរសព្ទ័ដៃម៉ាក IPhone 7Plus ពណ៌ខ្មៅដែលបាត់បង់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយៈ ភារ៉ា