កណ្តាលៈ កាលពីវេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានករណី លិចទូក បណ្តាលឲ្យមនុស្ស៥នាក់ មានទាំងចាស់ និងក្មេង បានធ្លាក់ចូលទៅក្នុងទឹក តែត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបាន២នាក់បញ្ជូនទៅមន្ទីរពេទ្យ នៅសល់ក្មេង៣នាក់ទៀត រកមិនទាន់ឃើញនោះទេ ៕

ជនរងគ្រោះចំនួន៣នាក់ ដែលបានបាត់ខ្លួននោះ មានឈ្មោះ ទី១.ឈ្មោះ រិន មករា ភេទប្រុស អាយុ១៨ឆ្នាំ ទី២.ឈ្មោះ រិន ស្រីអូន ភេទស្រី អាយុ១៣ឆ្នាំ ទី៣.ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ៩ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល។

លោកអធិការបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រិន មករា (ជនរងគ្រោះ) និងមិត្តស្រី (ជាសង្សារមិនស្គាល់ឈ្មោះ) ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង (តាមដងទន្លេបាសាក់) ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ទើបឈ្មោះ រិន មករា បានហៅឪពុករបស់ខ្លួនឈ្មោះ មួង រិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួនដើរលេង ហើយឈ្មោះមួង រិន ក៍បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួនដែរ។

ពេលដែលទូចបានបើកឃ្លាតចេញពីច្រាងទន្លេ បានចម្ងាយប្រវែងប្រហែល៤០ម៉ែត្រ ស្រាប់តែមានខ្យល់បក់ខ្លាំង បណ្ដាលអោយទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះ វ៉េត ចាន់ភារុន ភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំនុចកើតហេតុ ឈ្មោះ វ៉េត ចាន់ ភារុន បានចាប់ដៃឈ្មោះ មួង រិន អោយស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន១គ្រឿងទៀត បានអ៊ុំមកពីខាងត្រើយឃុំកោះអន្លងចិន មកជួយធ្វើការសង្គ្រោះ បានឈ្មោះ (មិនស្គាល់) ភេទស្រី ១នាក់ទៀត ចំនែកជនរងគ្រោះចំនួន៣នាក់ទៀតមានឈ្មោះ រិន មករា ឈ្មោះ រិន ស្រីអូន ឈ្មោះ រិន ស្រីរ័ត្ន បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង។ ហើយពេលនេះសមត្ថកិច្ច បានសហការជាមួយប្រជាពលរដ្ឋ ធ្វើការស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួនទាំង៣នាក់ ៕




