ព័ត៌មានបន្ថែម!!! ករណីយន្តហោះដឹកអ្នកដំណើរ របស់​​ឥណ្ឌូណេសីុ ធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ខណៈមនុស្ស១៨៩នាក់ នៅលើនោះ ត្រូវអាជ្ញាធរអះអាងថា​ ប្រហែលបាត់បង់​ជីវិតទាំងអស់....(មានវីដេអូ)
-

ហ្សាការតាៈ ព័ត៌មាន​បន្ថែមទៀតបាន​ឲ្យដឹងនៅមុននេះបន្តិចថា យន្តហោះឥណ្ឌូណេស៊ី​ប្រភេទ Boeing 737 MAX 8 ជាកម្មសិទ្ធិ​របស់អាកាសចរណ៍ Lion Air ដែលបាន​ធ្លាក់ទៅក្នុង​សមុទ្រ​​ ក្រោយពីទើបហោះ​ចេញពីអាកាសយានដ្ឋាន​រដ្ឋធានីហ្សាការតា ឆ្ពោះទៅ​កាន់​កោះស៊ូម៉ាត្រា​បាន ១៣នាទីនោះ គឺមានផ្ទុក​មនុស្សសរុបរហូត​ដល់ ១៨៨នាក់។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​អូស្ត្រាលី News Australia នាព្រឹក​ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

មន្ត្រីឥណ្ឌូណេស៊ី​​បានបញ្ជាក់ថា យន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​មិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ពីការរកឃើញបំណែក​យន្តហោះ ឬមួយក៏ជោគវាសនានៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ។ នេះបើតាមការបញ្ជាក់ពីលោក យូសូហ្វ ឡាទីហ្វ (Yusuf Latif) អ្នកនាំ​ពាក្យ​នៃទីភ្នាក់ងារសង្គ្រោះ និងស្រាវជ្រាវជាតិឥណ្ឌូណេស៊ី៕

បញ្ជាក់ៈ កាលពីវេលាម៉ោង៧ៈ៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air របស់ ឥណ្ឌូនេស៊ី។ ហោះហើរពីទីក្រុងចាការតា ទៅកាន់ទីក្រុង Pangkakpinang ខេត្ត Bangka Belitung បានបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើរ។

អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Lion Air លោក Edward Siraint បានប្រកាសឲ្យដឹងថា យន្តហោះ Boeing 737 មានជើងហោះហើរ JT 610 ពីទីក្រុងចាការតា ទៅកាន់ ទីក្រុង Pankalpingnang ប្រទេសឥណ្ឌូនេស៊ី ដោយចាប់ផ្តើមហោះហើរនៅវេលាម៉ោង៦ៈ៣៣នាទី យន្តហោះខាងលើ ដឹកអ្នកដំណើរ២១០នាក់។ យន្តហោះនេះ បានបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើយ ក្រោយហោះហើរបាន១៣នាទីប៉ុណ្ណោះ។

អ្នកនាំពាក្យកម្លាំងសង្គ្រោះឥណ្ឌូនេស៊ីលោក Yusuf Latif បានឲ្យដឹងថា យន្តហោះបានធ្លាក់ចូលសមុទ្រ នៅជិតទីក្រុងចាការតា។ នៅពេលនេះ មិនទាន់ដឹងពីចំនួនអ្នកដំណើរច្បាស់លាស់នៅឡើយ។ ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីចាប់ផ្តើម ស្វែងរកយន្តហោះដែលបាត់ខ្លួនខាងលើ។ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ជាក្រុមហ៊ុនមានតម្លៃសំបុត្រថោក និងពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ៕