ទីក្រុងហ្សាការតាៈ ប្រធានទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៊ី លោក Muhammad Syaugi បានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះបាន ទៅដល់ទីតាំងធ្លាក់របស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុន Lion Air និងកំពុងធ្វើប្រតិបត្តិការមុជទៅក្នុងទឹកសមុទ្រ ដើម្បីតាមរកយន្ដហោះមួយនេះ ព្រមទាំងអ្នកដំណើរទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃចន្ទទី២៩ ខែតុលា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Syaugi បានបញ្ជាក់ដូច្នេះថាៈ «ក្រុមអ្នកជួយសង្រ្គោះ១៣០នាក់ និង៣០នាក់ផ្សេងទៀតមកពី អង្គភាពដទៃ រួមទាំងនាវាបីគ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង និងទូកជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលគេជឿជាក់ថា យន្ដហោះ Boeing 737 MAX 8 បានធ្លាក់...»។ លោកបន្ថែមថា បេសកកម្មសំខាន់មួយនៅពេលនេះ គឺធ្វើយ៉ាងណារកយន្ដហោះ នេះឱ្យឃើញ ខណៈក្រុមអ្នកមុជទឹកនឹងត្រូវមុជទឹកក្នុងជម្រៅពី៣០ទៅ៣៥ម៉ែត្រ។

គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅ ធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោម កោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ២នាក់, ពីឡុត ២នាក់ និងក្រុមសហសេវិក ៦នាក់ផ្សេងទៀត ៕








