ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋដែលជាហាងលក់ សំណាងថ្មី លក់ឧបករណ៍តន្រ្តី សម្លេង ភ្លើងពណ៍ កាលពីវេលាម៉ោង៦ និង៤៣នាទីព្រលប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ផ្ទះលេខ១១៥ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្ទះខាងលើនេះចាក់សោរចោលដោយម្ចាស់ចេញទៅក្រៅបាត់ ស្រាប់តែនៅពេលកើតហេតុ ក៏ឃើញមានផ្សែងហ៊ុយចេញមកពីខាងក្នុង ទើបមានការភ្ញាក់ផ្អើលទាក់ទងទៅសមត្ថកិច្ចចុះមកកាត់សោរហើយបាញ់ទឹកចូលទៅខាង ក្នុងដើម្បីជួយអន្ដរាគមន៍កុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។

ក្នុងករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង គឺបណ្ដោលមកពីផ្ទុះសេខ្សែភ្លើង ហើយរថយន្តពន្លត់អគ្គីភ័យក៏បានមកដល់ហើយក៏បានបាញ់អស់៤គ្រឿងទើបលត់ទាំងស្រុង ប៉ុន្ដែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ដោយគ្រាន់តែខូចខាតសម្ភារះមួយចំនួនប៉ុណ្ណោះ ៕





