សៀមរាប៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ បុរសម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ឃាត់ខ្លួនយកទៅសាកសួរនាំក្រោយបង្ហោះសារក្នុង ហ្វេសប៊ុកបង្ខូចកិត្តិយសលោកស្នងការនគរបាលខេត្តសៀមរាប។

មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថាបុរសខាងលើមាន ឈ្មោះពាត ពេជ្រសំនិថ អាយុ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចកក្រុង ខេត្តសៀមរាប។ ក្រោយពេលសាកសួររូបគេបានសារភាពថា ខ្លួន ពិតជាបានប្រព្រឹត្តិ ពិតប្រាកដមែន។ ប៉ុន្គែបុរសនេះ មិនបានបកស្រាយក្បោះក្បាយឡើយ ព្រោះមានសភាពនិយាយ មិនសូវដឹងខុសត្រូវ។

សមត្ថកិច្ច ក៏បាននាំជនសង្ស័យទៅធ្វើតេស្តត រកសាធាតុញៀនក្នុងខ្លួន តាមរយៈ ទឹកនោម គឺមានផ្ទុកសារធាតុញៀន” ក្នុងខ្លួន ។ ដោយយោង តាមការបំភ្លឺរបស់ អាណាព្យាបាល របស់បុរសនេះ បានឲ្យដឹងថា កន្លងមកកូនប្រុសរបស់គាត់ ពុំដែលមានប្រព្រឹត្តបទល្មើសអ្វីពីមុនមកទេ ហើយក៏ពុំដែលជាប់មណ្ឌល ឬពន្ធនាគារដែរ។

ប៉ុន្តែជាងមួយឆ្នាំចុងក្រោយនេះ កូនប្រុសរបស់គាត់បានខូចចិត្តព្រោះប្រពន្ធចុះចោល ក៏បែកគំនិតដើរលេងច្រើន និង មានសភាពវង្វេងបាត់បង់សតិនិយាយ មិនសូវដឹងខុសត្រូវ ។ ដោយឃើញសភាពកូន និយាយមិនសូវដឹងអី និងឃើញ មានសាធាតុញៀនក្នុងខ្លួន ឪពុកម្តាយ បានចេញមុខសុំទោសចំពោះលោកស្នងការជំនួសកូន និងស្នើរឲ្យសមត្ថកិច្ច ជួយបញ្ជូនកូនទៅផ្ញើនៅ មជ្ឈមណ្ឌលស្ដារនីតិសម្បទា ផ្តាច់សារធាតុញៀនខេត្តសៀមរាប៕

ដោយ៖ ភារ៉ា