អគ្គីភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកគីរីសាគរ
-

កោះកុងៈ កាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ043  ក្នុងភូមិព្រែកស្មាច់ (កូនកុក) ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ មានករណីអគ្គីភ័យឆាបឆេះផ្ទះ ១ខ្នង មានទំហំ៦ម៉ែត្រ X៧ម៉ែត្រ កំពស់សង់ផុតពីដី ១,៩០ម៉ែត្រ សង់អំពីឈើ ប្រក់ហ្វីប្រូសុីម៉ង ជញ្ជាំងក្តារ (ផ្ទះសំណង របស់ក្រុមហ៊ុនយូញៀន) ម្ចាស់ផ្ទះឈ្មោះ នឹក សុភាព និងប្រពន្ធឈ្មោះ ឈួ លីន។  ក្នុងនោះបណ្តាលឲ្យឆេះខូចខាតមានដូចជាៈ ខោរអាវ ចានឆ្នាំង សម្ភារៈប្រើប្រាស់ មួយចំនួន​ និងផ្ទះត្រូវឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។ ​

តាមការបំភ្លឺរបស់ម្ចាស់ផ្ទះ បាននិយាយថា មុនពេលកើតហេតុ ២នាក់ប្តីប្រពន្ធ បានបិទទ្វារហើយទៅមើលទូរទស្សន៍នៅផ្ទះ អ្នកជិតខាង ស្រាប់តែឃើញភ្លើងឆេះផ្ទះតែម្តង ដោយមិនដឹងពីមូលហេតុ។ តាមការស្រាវជ្រាវ និងសន្និដ្ឋានរបស់កម្លាំងយើង ឆេះបណ្តាលមកពីភ្លើងចង្កៀង ករណីនេះកម្លាំងយើងនឹងធ្វើការ ស្រាវជ្រាវបន្ត ៕