ភ្នំពេញៈ កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ មានហេតុការភ្ញាក់ផ្អើលមួយ ខណៈដែលក្មេងទៅជីកជន្លេនប្រទះឃើញ ទារិកាកម្សត់ដ៏អភ័ព្វ មានទង្ងន់២គីឡូកន្លះ ខ្លួនប្រាណប្រឡាក់សុទ្ធតែឈាម និងមានទងផ្សិតដែលមិនទាន់នឹងកាត់ចោលផងនោះ ត្រូវបានគេអះអាងថា ទើបតែនឹងកើតត្រូវបានជនមិនស្គាល់មុខច្រកថង់ខ្មៅ យកទៅបោះចោល ក្នុងដីឡូត៍មួយកន្លែង ធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាយកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជន។ ហើយបានអ្នកស្រុកដែលអត់មានកូនទទួលយកទុកចិញ្ចឹមហើយ ដោយមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដឹងឮ ។

តាមសម្ដីលោកស្រី សាន់ វណ្ណា អាយុ៤៩ឆ្នាំ មានលំនៅផ្ទះលេខ៨៤០ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញទារិកានោះ គាត់ក៏បាននាំយកទៅសង្គ្រោះ ដោយលាងឈាមកាត់ទងផ្សិតចេញ ព្រមទាំងចាក់ថ្នាំការពារ នៅមន្ទីរឯកជននៅក្បែរនោះ។ លោកស្រីបានបន្តទៀតថា ដោយសារតែក្មេងនោះគួរអោយស្រលាញ់ ហើយកូនស្រីរបស់គាត់ឈ្មោះ សាន់ នីកា ដែលជាស្ត្រីម៉េម៉ាយអត់មានកូន ក៏សម្រេចចិត្តទទួលយកទារិកានោះ ទុកចិញ្ចឹមដោយមានអាជ្ញាធរ និងសមត្ថកិច្ចដឹងឮពីរឿងនេះផងដែរ ។

ទាក់ទិនការយកទារិកាខាងលើច្រកថង់យកទៅបោះចោលនោះ រហូតមកដល់ពេលនេះ នគរបាលស្រាវជ្រាវរកពុំទាន់ឃើញឪពុកម្តាយបង្កើតក្មេងនោះនៅឡើយទេ។ ទោះបីជាយ៉ាងណាគេពុំដឹងថា មូលហេតុអ្វីនោះទេ បានបង្កើតកូនគួរអោយស្រលាញ់បែរជាយកទៅបោះចោលបែបនេះ។ តាមកាមរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុបានបង្ហាញថា នៅវេលាម៉ោងប្រមាណ៣ មានក្មេងស្រីអាយុប្រមាណ១២ឆ្នាំ បានជិះកង់យកក្មេងនៅទៅបោះចោល តែពុំមាននណាម្នាក់ចាប់អារម្មណ៍ឡើយ។ ក្រោយមកមានក្មេងទៅជីកជន្លេនប្រទះឃើញក៏បង្កអោយមានការភ្ញាក់ផ្អើលឡើង ៕