ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៤៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅត្រង់ចំណុចជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវ១៧៨ កែងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានករណីចោរកម្មមួយ ដោយជនសង្ស័យ ជនជាតិវៀតណាមម្នាក់ មានឈ្មោះ មិញ យាំងធួយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅម្ដុំមាត់ទន្លេ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋក្របួចឲ្យអាវុធហត្ថខណ្ឌដូនពេញភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនបរទេស២នាក់ប្ដីប្រពន្ធ មិនស្គាល់អត្តសញ្ញាណនោះទេ តែមិនបានសម្រេច ហើយដួលម៉ូតូ រីឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

មុនពេលកើតហេតុ គេបានឃើញជនបរទេស២នាក់ប្ដីប្រពន្ធ កំពុងដើរតាមផ្លូវនៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Dream 2014 ពាក់ស្លាកលេខភ្នំពេញ 1I-2664 ឌុបគ្នា បានជិះមកអែប រួចធ្វើសកម្មភាព ឆក់កាបូបពីនារីបរទេសនោះ តែមិនបានសម្រេច ស្រាប់តែដួលម៉ូតូ ចៃដន្យប្រជាពលរដ្ឋក៏ប្រទះឃើញ បាននាំគ្នាជួយចាប់បានម្នាក់ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ខណៈនោះកម្លាំងអាវុធហត្ថខណ្ឌល្បាតមកដល់ ប្រជាពលរដ្ឋក៏ប្រគល់អោយកម្លាំងអាវុធហត្ថ ឃាត់ខ្លួនយកធ្វើការសាកសួរ ៕


