សៀមរាប ៖ ចោរពីរនាក់ បានធ្វើសកម្មភាពលូកយកកាបូប របស់ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ នៅក្នុងតំបន់ផាប់ស្ទ្រីត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រកមុខជនសង្ស័យ លុះដល់វេលាម៉ោង០៦ និង០០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សង្ស័យប្រុសស្រីចំនួន០២នាក់ត្រូវបានឃាត់ខ្លួនជន និងឆែកឆេររកឃើញវត្ថុតាងមួយចំនួន ហើយបាននាំជនសង្ស័យមកធ្វើការសាកសួរតាមនិតិវិធី។

ជនរងគ្រោះមានឈ្មោះថា KUROSAWA KAZUKI ភេទប្រុស អាយុ២១ឆ្នាំ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាជាភ្ញៀវទេសចរ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនគឺមាន ឈ្មោះ ហេង សម្បត្តិ ហៅភីម ភេទប្រុស (ខ្ទើយ) អាយុ ២៦ឆ្នាំ រស់នៅភូមិបឹងកក់ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ រឿន សុខស្រីមុំ ហៅពិសី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃស ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២នាក់ សព្វថ្ងៃមានទីលំនៅមិនពិតប្រាដក ក្នុងខេត្តសៀមរាប។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន៖ – Master Card (ATM) ០១សន្លឹក, – JCB (ATM) ០១សន្លឹក, -កាតសិស្សសាលា ០១សន្លឹក, -កាតធានារ៉ាប់រង ០១សន្លឹក, កាតទិញអីវ៉ាន់ ០២សន្លឹក, កាតជិះរថភ្លើង ០១សន្លឹក, ប្រាក់ជប៉ុនចំនួន៦៥០០០យាន់។
នៅចំពោះមុខសមត្ថកិច្ចនគរបាលយើងបានឆ្លើយសារភាព និងទទួលស្គាល់ថា ពួកគេពិតជាបានធ្វើសកម្មភាពលូកកាបូបជនបរទេសខាងលើមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែមទៀត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ ភារ៉ា