កណ្តាលៈ កាលពីវេលាម៉ោង៩ៈ១៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតូបលក់ដូរ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានករណីហិង្សា ដោយចេតនាមួយបានកើតឡើង ដោយជនរងគ្រោះមានឈ្មោះ អ៊ឹប សុខខឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនគរបាល នៅភូមិព្រៃទទឹង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជាមន្ត្រីនគរបាលចុះអន្តរាគមន៍គេឈ្លោះគ្នា រួចទាញទូរស័ព្ទថត ក៏ត្រូវជនសង្ស័យមានឈ្មោះ សឿង សុខឡុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករលក់សាំង នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ វាយមួយពិល បណ្ដាលឲ្យបែកចិញ្ចើម។

អ្នកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ បានយកពឹលលបវាយប៉ូលិស បណ្តាលឲ្យរបួស ពេលកំពុងចុះទៅសម្របសម្រួលរឿងហិង្សា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ឈិន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ បានទៅកន្លែងកើតហេតុ ខ្ចីប៊ិចគេកត់លេខទូរស័ព្ទ ហើយជន្លរជង្គង់ប្រឡែងគ្នាលេងជាមួយឈ្មោះ ភិន រតនះ ជាក្មួយជនសង្ស័យ។ ពេលនោះជនសង្ស័យកំពុងអង្គុយ ផឹកស្រានៅក្បែរនោះ ស្មានតែគេរកវាយក្មួយខ្លួនក៏ទៅច្រានឈ្មោះ ឈិន រស់ បណ្តាលឲ្យដួលលើម៉ូតូ របួសពកក្បាល។ ចំណែកឈ្មោះ ឈិន រស់ បានត្រឡប់ទៅផ្ទះប្រាប់ឈ្មោះ ភួង ផូ ជាមេជាងទង ហើយបាននាំគ្នាត្រឡប់មកសួរនាំជនសង្ស័យ ពេលទៅដល់ស្រាប់តែជនសង្ស័យ និងបក្ខពួកក្នុងវង់ផឹកស៊ីស្រវឹង ជោគជាំបានរករឿងរុញច្រានប្រកែកគ្នា ទៅលើឈ្មោះ ភួង ផូ ពេលនោះឈ្មោះ ភួង ផូ បានតេទូរស័ព្ទ រាយការណ៍ជូនជនរងគ្រោះ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ជនរងគ្រោះបានរាយការណ៍ទៅលោកនាយប៉ុស្តិ៍ក្រាំងម្កាក់ និងផ្នែកជំនាញស្រុក ហើយបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើល ឃើញជនសង្ស័យនិងបក្ខពួក ក្នុងសភាពស្រវឹងស្រាខ្លាំង កំពុងព្រួតគ្នារុញច្រានទៅលើឈ្មោះ ភួង ផូ ជនរងគ្រោះក៏ចូលទៅឃាត់ សម្របសម្រួល តែជនសង្ស័យមិនព្រមស្តាប់ បែរជាមករករឿងរុញច្រានជនរងគ្រោះ បន្ទាប់មកជនរង គ្រោះបានយកទូរស័ព្ទថត ស្រាប់តែត្រូវបានជនសង្ស័យយកពិលជ័រលបវាយជនរងគ្រោះ ពីក្រោយបណ្តាលឲ្យមាន របួសបែកចិញ្ចើម ខាងស្តាំដេរចំនួន៤ថ្នេរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរុញច្រានឈ្មោះ ឈិន រស់ បណ្តាលឲ្យដួលលើម៉ូតូដោយសារយល់ច្រឡំថា លើកជង្គង់ជន្លរក្មួយខ្លួន និងបានយកពឹលជ័រ វាយជនរងគ្រោះបណ្តាលឲ្យបែកចិញ្ចើមខាងស្តាំដេរចំនួន០៤ថ្នេរ ដោយសារខឹងជនរងគ្រោះចូលឃាត់ និងយកទូរស័ព្ទថត។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងសាងសំណុំរឿងតាមនីតិវិធី៕
