លោក Baitul Ihwan អ្នកនាំពាក្យក្រសួងដឹកជញ្ជូន បានប្រាប់ទៅគេហទំព័រ ស៊ីនហួ តាមទូរស័ព្ទថា ប្រអប់ខ្មៅ នៃយន្តហោះរបស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ Java នៃភាគខាងជើងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទកន្លងទៅ ត្រូវបានក្រុមអ្នកជំនាញច្រមុជទឹក បានរកឃើញហើយក្នុងថ្ងៃព្រហស្បតិ៍នេះ។ នេះជាព័ត៌មានដំបូង ពិតប្រាកដណាស់ យើងបានរកវាឃើញមែន។

យ៉ាងណាក៏ដោយ គាត់មិនទាន់អាចសន្និដ្ឋានលំអិតអំពីប្រអប់ខ្មៅនោះបានទេ ថាតើវាគឺជាទិន្និន័យថតទុកការហោះហើរ ឬជាទិន្នន័យសម្លេងនៃការហោះហើរ នៃយន្តហោះប្រភេទ Boeing 737 MAX 8 ដែលបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ត្រឹមរយៈពេលខ្លី នៃការហោះហើរចេញពីព្រលានយន្តហោះ Soekarno-Hatta នៃរដ្ឋធានីហ្សាកាតា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ក្រុមអ្នករុករក និងច្រមុជទឹក បាននិងកំពុងតែបន្តបេសកកម្មស្វែងរកក្នុងថ្ងៃព្រហស្បតិ៍នេះ ដោយផ្តោតសំខាន់ត្រង់ចំណុចនៃសម្លេងប៉ុង ដែលដាក់នៅក្នុងប្រអប់ខ្មៅទាំងពីរ ត្រូវបានគេរកឃើញ ដោយយានប្រតិបត្តិការពីចម្ងាយ ដែលបានដាក់ពង្រាយនៅក្រោមទឹក។ យ៉ាងណាមិញ កន្លងផុតរយៈពេលប៉ុន្មានថ្ងៃនេះ ផ្នែកខ្លះនៃសាកសពមួយចំនួន និងបំណែកខ្លះនៃយន្តហោះ ត្រូវបានគេរកឃើញ។

គួរបញ្ជាក់ថា ជើងហោះហើរ JT610 បានធ្លាក់ចុះទៅក្នុងទឹកនៅឯភាគខាងលិចនៃសមុទ្រ Java កាលពីព្រឹកថ្ងៃច័ន្ទ ដែលផ្ទុកទៅដោយអ្នកដំណើរនិងក្រុមអាកាសយានិក ១៨៩នាក់ ហើយដែលត្រូវបានក្រុមរុករក សន្និដ្ឋានថា នឹងបាត់បង់ជីវិតទាំងអស់ ក្រោយប្រត្តិបត្តិការ ៤ថ្ងៃហើយ តែនៅរកមិនឃើញ ៕
