ភ្នំពេញ ៖ ស្រ្តីជាមេតុងទីនម្នាក់ ត្រូវបានសមជិក (កូនតុងទីន) ចាប់ជាប់ នៅក្នុងផ្សារកាណាស៊ីធី ធ្វើការចោទប្រកាន់ទៅលើមេតុងទីន ពីបទ រំលោភលើទំនុកចិត្ត ដោយបានបោកយកលុយពួកគាត់ជាង៣០ម៉ឺនដុល្លាររួចគេចខ្លួនបាត់ស្រមោលរយៈពេលជាង៥ខែកន្លងមកហើយ និងយកលុយទៅទិញសុទ្ធតែរថយន្តឡិចស៊ីស៥៧០ជិះ និងទិញដីជាច្រើន កន្លែងថែមទៀតផង។។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រទះឃើញនៅក្នុងផ្សារកាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីដែលជាជនឆបោករូបនោះមានឈ្មោះថា ឆេង សារ៉ា អាយុជាង៣០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯសមាជិកដែលចាញ់បោកស្រ្តីរូបនោះមានចំនួន ជិត៥០០នាក់ ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា។
ប្រភពដដែលបានបន្តថា ការលេងតុងទីននេះក្នុង១ក្បាលចាប់ពី ២០.០០០រៀលដល់១០០ដុល្លារ ហើយអ្នកខ្លះលេងចាប់ពី៣ក្បាលទៅដល់១០ក្បាល ទៅតាមលទ្ធភាព និងធនធានដែលខ្លួនមាន។ ដូច្នេះអ្នកខ្លះចាញ់បោកស្ត្រីនោះខ្ទង់ពាន់ដុល្លារចំណែកអ្នកខ្លះទៀតខាតបង់អស់ខ្ទង់ម៉ឺន ដុល្លារ ហើយក្រោយពេលដែលមេវេចបង្វិចរត់គេចខ្លួនបាត់ពួកគាត់បានតាមរកគ្រប់កន្លែង ប៉ុន្តែមិនឃើញឡើយ។
កូនតុងទីនក៏បានបន្តទៀតថា ស្ត្រីឈ្មោះ ឆេង សារ៉ា ធ្វើជាមេតុងទីនអស់រយៈពេល៦ឆ្នាំមកហើយ ដែលអ្នកផ្សារទាំងអស់ នរណាៗក៏បានស្គាល់ស្ត្រីម្នាក់នេះដែរ។ ព្រោះថាមេតុងទីនរូបនេះ ជាអ្នករកស៊ីបោះដុអីវាន់ចាប់ហួយនៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ានេះតែម្ដង។
បន្ទាប់មកបានដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ រហូតជាង៥ខែក្រោយមកគឺនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបប្រទះឃើញស្ត្រីនេះទៅផ្សារកាណាស៊ីធីក៏បានរាយការណ៍ជូននគរបាលឃាត់ខ្លួនតែម្ដង៕
ដោយ៖ ភត្រ្តា