ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ១៥នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីម្នាក់ មានឈ្មោះ វង់ ស្រីម៉ាច អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិ៤ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ត្រូវបានគេសង្ស័យថា បីកូនប្រុសដើរលក់ ទើបសមត្ថកិច្ចហៅនាំទៅសាកសួរនៅប៉ុស្តិ៍ រួមជាមួយស្រ្តីម្នាក់ទៀត ដែលជាម្ដាយធម៌ឈ្មោះ សាន រីម អាយុ៦០ឆ្នាំ ស្នាក់នៅក្នុងភូមិជាមួយគ្នា ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីរូបនេះ រួមជាមួយម្ដាយធម៌បានបីកូនប្រុសអាយុ២ខែម្នាក់ ដើរនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ហើយបានពឹងឲ្យអ្នកជិតខាង រកអ្នកទទួលយកកូននាងទៅចិញ្ចឹម។ បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាមនគរបាលបានចុះនាំខ្លួនអ្នកទាំង២ទៅសួរនាំនៅប៉ុស្តិ៍ ទើបដឹងថានាងមិនមែនលក់កូនទេ គឺនាងស្វែងរកមណ្ឌលកុមារកំព្រាដើម្បីយកកូននាងទៅចិញ្ចឹម។

ស្រ្តីរូបនេះបានឲ្យដឹងថា នាងបានកំព្រាតាំងពីតូចមកម្ល៉េះ ដោយឪពុកម្ដាយបានស្លាប់ចោល ហើយនាងមានប្ដី ជាមនុស្សកំព្រាដូចនាងដែរ ដោយឪពុកម្ដាយព្រមទាំងសាច់ញាតិរបស់គាត់ បានស្លាប់ចោលក្នុងរបបប៉ុលពតអស់ហើយ ប៉ុន្តែក្រោយពេលរស់នៅជាមួយគ្នាបានរយៈពេលតែជាង១ឆ្នាំប៉ុណ្ណោះ ប្ដីត្រូវបានពស់ចឹកស្លាប់ខណៈពេលនាំឆ្កែចូលដេញសត្វក្នុងព្រៃ។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាងបានក្លាយទៅជាស្រីមេម៉ាយហើយ ខណៈនោះនាងមានផ្ទៃពោះ៥ខែទៅហើយ និងបានទ្រាំលំបាករហូតដល់ថ្ងៃសម្រាលកូន ដល់ពេលនេះកូនប្រុសនាងមានអាយុជាង២ខែហើយ ចំណែកនាងបានជួបការលំបាកខ្វះខាតយ៉ាងខ្លាំង និងគ្មានលទ្ធភាពដើម្បីចិញ្ចឹមកូនទេ ទើបសម្រេចចិត្តនាំយកកូន ក្នុងបំណងទៅដាក់នៅមណ្ឌល កុមារកំព្រាមួយស្ថិតនៅខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលទៅដល់ខាងមណ្ឌមិនព្រមទទួលយកឡើយ ទើបនាងនិងម្ដាយធម៌សម្រេចចិត្តបីកូនត្រឡប់មកវិញ រួចបានពឹងអ្នកនៅជិតៗនោះ ឲ្យជួយរកទីតាំងមណ្ឌលកុមារកំព្រាផ្សេងទៀត ដើម្បីយកកូនទៅដាក់ទីនោះ។ ព្រោះនាងមិនចង់ឲ្យកូនទៅអ្នកផ្សេងក្រៅ ពីមណ្ឌលកុមារកំព្រាឡើយ ហើយក្រោយមកបែរជាលិចឮពត៌មានថា នាងដើរលក់កូនបែបនេះទៅវិញ ៕
