ភ្នំពេញៈ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្លូវ១៩២៨ ស្ថិតនៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនភ្លាមៗករណីចោរឆក់កាបូប២នាក់ មានឈ្មោះ ទី១.ឈ្មោះ ហង្ស ឧស្សាហ៍ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។ ទី២.ឈ្មោះ តាំង វឹត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ខណ្ឌមានជ័យ។

មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរ ដោយថ្មើរជើង ពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ីរូស ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BJ- 2127 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ហើយព្យាយាមបើកម៉ូតូគេចខ្លួន តែមានម៉ូតូកង់បី១គ្រឿង ជិះមកបុកម៉ូតូជនសង្ស័យ បណ្តាលឲ្យដួល ភ្លាមនោះ កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដែលល្បាតនៅក្បែនោះ បានចុះមកដល់ធ្វើការឃាត់ខ្លួនបានភ្លាមៗ ហើយនាំខ្លួនយកមកសាកសួរនៅមូលដ្ឋានអាវុធហត្ថខណ្ឌតែម្តង។ ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះទេ ព្រោះនៅពេលគាត់បានកាបូបវិញហើយ គាត់ក៏ដើរទៅបាត់ មិនបានសហការជាមួយសមត្ថកកិច្ចឡើយ ៕

