ភ្នំពេញ៖ ជនជាតិចិនមួយក្រុមដែលនាំគ្នាអុកឡុកនៅក្នុងកោះពេជ្រផ្អើលសន្តិសុខនិងសមត្ថកិច្ចចុះអន្តគមន៍ និងបានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ និងតៃកុងបើកបរដែលជាជនជាតិខ្មែរ១នាក់ ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនជាតិចិនទាំង៣នាក់ និងតៃកុងរថយន្ត១នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មានពីសន្តិសុខម្នាក់ នៅក្នុងកោះពេជ្របានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ស៊ីណា ពណ៌ស ដែលមានស្លាកលេខភ្នំពេញ២AI-៥៤១៧ មួយគ្រឿង ដឹកជនជាតិចិនប្រមាណជាង៥ទៅ៦នាក់ចូលមកក្នុងកោះពេជ្រ ឈប់ត្រង់ចំណុចអាគារអឺ ហើយជនជាតិចិនទាំងនោះក៏ចុះពីរថយន្ត ឈ្លោះប្រកែកគ្នា រហូតបានប្រតាយប្រតបគ្នា បណ្តាលអោយមានការភ្ញាក់ផ្អើលឆោឡោ ដ៏សន្តិសុខកោះពេជ្រ ឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់និងតៃកុងរថយន្ត១នាក់យកទៅទីស្នាក់ការកោះពេជ្រ ចំណែកឯសេសសល់ បក្ខពួកប៉ុនមាណនាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការសាកសួរបន្ថែម និងបានពិនិត្យនៅក្នុងរថយន្តឃើញខ្សែ (សៀល) សំរាប់ចងដៃ ហើយក៏បានសម្រេចនាំខ្លួនជនជាតិទាំង៣នាក់ និងតៃកុងរថយន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ថែម៕





ដោយ៖ ភារ៉ា