ប្រទេសហ្វីលីពីនៈ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ បានផ្សាយថាៈ លោក Francis Tolentino ទីប្រឹក្សា ជាន់ខ្ពស់ របស់ប្រធានាធិបតី Rodrigo Duterte បានបញ្ជាក់ថាៈ មានមនុស្ស ជាង ៥,៧លាននាក់ រងផលប៉ះពាល់ដោយព្យុះ។ ជាមួយគ្នានេះដែរ នៅក្នុងខែវិច្ឆិកានេះ នឹងមានព្យុះកំណាចពីរទៀត នឹងវាយប្រហារមកលើហ្វីលីពីន ។ អាជ្ញាធរតាមដានអាកាសធាតុហ្វីលីពីនបានព្យាករណ៍ថា ប្រទេសហ្វីលីពីន អាចនឹងទទួលរងការវាយប្រហារ ដោយព្យុះទីហ្វុងមួយ ឬពីរទៀតក្នុងខែវិច្ឆិកានេះ។ ព្រោះកាលពីខែតុលាកន្លងមក ព្យុះ Mangkhut បានវាយប្រហារហ្វីលីពីន បណ្តាលឲ្យមនុស្ស ៦៤នាក់ ត្រូវស្លាប់ ជាច្រើនស្លាប់និងរបួស ដោយសារតែបាក់ដីនឹងទឹកជំនន់។

បើតាមអ្នកជំនាញផ្នែកឧតុនិយមហ្វីលីពីន ជាទូទៅនាអំឡុងពេលចុងឆ្នាំបែបនេះ ព្យុះទីហ្វុងភាគច្រើនតែងវាយលុកលើតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ហើយពួកវានឹងវិវត្តន៍ខ្លួនឡើងនៅលើមហាសមុទ្រប៉ាស៉ីហ្វិក ឬនៅក្នុងដែនសមុទ្រនៃប្រទេសហ្វីលីពីនតែម្តង។

គួរជម្រាបថា ថ្មីៗនេះព្យុះទីហ្វុងឈ្មោះថា យូទូ (Yutu) ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ១៥នាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតបាត់ខ្លួននោះ ទើបតែបានចាកចេញពីទឹកដីហ្វីលីពីន កាលពីថ្ងៃពុធសប្តាហ៍មុនប៉ុណ្ណោះ។ បើតាមអ្នកជំនាញ ហ្វីលីពីនតែងទទួលរងគ្រោះពីព្យុះទីហ្វុងកម្រិតធ្ងន់ នាអំឡុងត្រីមាសចុងក្រោយជារៀងរាល់ឆ្នាំ។ ព្យុះទីហ្វុង Yutu គឺជាព្យុះទីហ្វុង ទី១៨ ដែលបានវាយប្រហារលើហ្វីលីពីន ក្នុងឆ្នាំ២០១៨ ខណៈប្រទេសអាស៊ាននេះ ជាធម្មតារងការវាយលុកពីព្យុះទីហ្វុង ជាមធ្យមចំនួន២០ ពីមួយឆ្នាំទៅមួយឆ្នាំ ៕