ក្រុមអ្នកសង្គ្រោះ និងច្រមុជទឹករុករកឃើញប្រអប់ខ្មៅទីពីរហើយ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ ពីការធ្លាក់យន្តហោះនោះទេ មិនដូចវីដេអូក្នុង Facebook ផុសនោះឡើយ....(មានវីដេអូ)
-

ឥណ្ឌូនេស៊ីៈ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រអប់ខ្មៅទីមួយ ត្រូវបានរកឃើញ ដោយការរុករក របស់ក្រុមអ្នកសង្គ្រោះ និងច្រមុជទឹក អំពីការធ្លាក់យន្តហោះ របស់ក្រុមហ៊ុន Lion Air 737 ចូលទៅក្នុងសមុទ្រ Java ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី ពោលគឺក្រោយពីចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាកាតា បានត្រឹមតែ ១៣នាទីប៉ុណ្ណោះ។ អ្នកដំណើរ និងក្រុមអាកាសយានិក សរុប ១៨៩នាក់ ត្រូវគេសន្មតថា បាត់បង់ជីវិតទាំងអស់។ គួរឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា បច្ចុប្បន្ននេះ ក្រុមអ្នកសង្គ្រោះ និងច្រមុជទឹក ពួកគេបានរកឃើញនូវប្រអប់ខ្មៅទីពីរហើយ ដែលគេរំពឹងថា វាគឺនឹងបង្ហាញអំពីភស្តុតាងច្បាស់ការមួយ អំពីការធ្លាក់យន្តហោះ។ 

តាមការបញ្ជាក់របស់លោក Haryo Satmiko អនុប្រធានគណៈកម្មការសុវត្ថិភាព ដឹកជញ្ជូន របស់ឥណ្ឌូនេស៊ី បាននិយាយថា "យើងមិនអាចទាញយកទិន្នន័យពីវាបានទេ ពីព្រោះមានផ្នែកខ្លះខូច នៅក្នុងប្រអប់ខ្មៅ" លោកបានបន្ថែមថា ការខូចខាតមួយចំនួន គឺនៅលើរន្ធឧបករណ៍។ លោកបានបន្ដទៀតថា កិច្ចខិតខំប្រឹងប្រែងបន្តទៀត គឺត្រូវផ្តោតទៅលើការរកឃើញប្រអប់ខ្មៅទីពីរ ដែលវាអាចជាឧបករណ៍ថតសម្លេងក្នុងយន្តហោះ និងទិន្នន័យសំខាន់នៃការហោះហើរ។

រីចំណែកឯការចេញផ្សាយរបស់ SCMP ( South China Morning Post ) បានចេញផ្សាយផងដែរថា ប្រអប់ខ្មៅនោះអាចនាំផ្លូវឱ្យក្រុមអ្នកស៊ើបអង្គេត រកឃើញនូវមូលហេតុជាក់ច្បាស់ នៃឧបទ្ទវហេតុនេះ។ ឧបករណ៍នេះអាចពន្យល់បានដល់ទៅជិត ៩០ភាគរយ នៃហេតុការណ៍ នេះបើតាមការឱ្យដឹងពីអ្នកជំនាញការខាងអាកាសចរណ៍។ ឧបករណ៍នេះ (ប្រអប់ខ្មៅ) គឺរក្សាទុកនូវព័ត៌មាននៃល្បឿន រយៈកំពស់ និងទិសដៅរបស់យន្តហោះ ក៏ដូចជាការសន្ទនារបស់អ្នកបើកបរយន្តហោះជាដើម។

ក្រុមអ្នកស៊ើបអង្គេត ក៏បាននិយាយផងដែរថា ការខូចខាតដែលទទួលរងដោយឧបករណ៍ទិន្នន័យ ដំបូងបានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃផលប៉ះពាល់។ ការទាញយកឯកសារ ថតទុកសកម្មភាពជើងហោះហើរ ត្រូវការពេលយ៉ាងហោចណាស់២ម៉ោង ប៉ុន្តែការវិភាគ គឺនឹងត្រូវចំណាយពេលដល់ទៅជាងមួយសប្តាហ៍។

ក្រឡែកទៅមើលវីដេអូ ដែលត្រូវបានគេបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយចំនួន អំពីការលាតត្រដាងការពិតនៃប្រអប់ខ្មៅនោះ គឺជាព័ត៌មានមិនពិតឡើយ។ ជាក់ស្តែង វាគ្រាន់តែជាវីដេអូ នៃការប៉ាន់ស្មានហេតុការណ៍របស់យន្តហោះ Lion Air JT77 តែប៉ុណ្ណោះ។បើតាមការបញ្ជាក់ ពីប្រភពដើមនៃវីដេអូនោះ ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា 85% នៃវីដេអូមួយនេះគឺខុស វាគ្រាន់តែជាការមើលឃើញមួយប៉ុណ្ណោះ ៕