ចៅក្រមស៊ើបសួរសាលាដំបូង ចេញដីកាឃុំខ្លួនតៃកុងរថយន្ត ដែលចតរថយន្តចោលអត់ដាក់ស្លាកសញ្ញាសម្គាល់ បណ្តាលឲ្យបុរសម្នាក់ បើកទៅបុកពីក្រោយរថយន្តស្លាប់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “បើកបរដោយធ្វេសប្រហែស មិនប្រុងប្រយត្ន័ បណ្តាលឲ្យស្លាប់អ្នកដទៃ”
-

កណ្តាលៈ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា ឃុំខ្លួនតៃកុងរថយន្ត ដែលចតរថយន្តចោលអត់ដាក់ស្លាកសញ្ញាសម្គាល់ បណ្តាលឲ្យបុរសម្នាក់ បើកទៅបុកពីក្រោយរថយន្តស្លាប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “បើកបរដោយធ្វេសប្រហែសមិនប្រុងប្រយត្ន័បណ្តាលឲស្លាប់អ្នកដទៃ” ដែលប្រព្រឹត្តនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១ៈ២០នាទី តាមមាត្រា៨៥ នៃច្បាប់ស្តីពីការចរាចណ៍ផ្លូវគោក ។

ជនត្រូវចោទមានឈ្មោះ ឈិន រ៉ាំ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរបើកបររថយន្ត។ ជនរងគ្រោះ ឈ្មោះ វ៉ន សាម៉ុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរសន្តិសុខ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថាៈ ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែសខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ចតនៅផ្លូវដោយគ្មានដាក់ភ្លើង ឬដាក់សញ្ញាបង្ហាញដល់យានយន្តធ្វើចរាចរណ៍ ៕