រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា សមត្ថកិច្ច និងតុលាការ គួរស្វែងរកវិធានប្រសិទ្ធិភាពណាមួយ បង្ក្រាបបទឧក្រិដ្ធនេះ "មិនគួរបណ្តោយទេ"
-

ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មន្ត្រីមានសមត្ថកិច្ច និងតុលាការ គួរតែរកវិធានការមានប្រសិទ្ធភាពបង្រ្កាបក្រុមចោរឆក់តាមដងវិថី ដែលជាបញ្ហារ៉ាំរ៉ៃមួយក្នុងរាជធានីភ្នំពេញ និងបង្កការខ្លាចរអាសម្រាប់ប្រជាពលរដ្ឋរាល់ពេលធ្វើដំណើរតាមដងវិថី។


ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ៥និង៤០នាទីទៀបភ្លឺថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនភាសាអង់គ្លេស តាមផ្លូវ៣០២ ស្ថិតនៅភូមិ៧ សង្កាត់បេងកេងកង១ ខណ្ឌចំការមន បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្រ្តីម្នាក់បានរងរបួសស្រាល។


លោក ផៃ ស៊ីផាន ថា មិនគួរបណ្តែតបណ្តោយលើបញ្ហានេះទៀតនោះទេ។ លោក ផៃ ស៊ីផាន បានលើកឡើងនៅតាមបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះ «សមត្ថកិច្ច និងតុលាការ គួរស្វែងរកវិធានប្រសិទ្ធិភាពណាមួយ បង្ក្រាបបទឧក្រិដ្ធនេះ។ មិនគួរបណ្តោយទេ»។