ភ្នំពេញៈ កាលពីវេលាម៉ោង២ៈ០០នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុចគល់ស្ពានមុនីវង្សត្រើយខាងកើត តាមបណ្ដោយដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយនារីម្នាក់ មានឈ្មោះ ភាព វិច្ឆិកា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩ ក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ប៉ងធ្វើអត្តឃាត សម្លាប់ខ្លួនតែមិនបានសំរេច។

តាមប្រភពសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ បានអោយដឹងថា មុនកើតហេតុគេឃើញស្រ្តីវ័យក្មេងម្នាក់ បើករថយន្តព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AP-០៣៦០ ហើយមិនដឹងមូលហេតុអី ស្រាប់បួងចង្កូតទៅ ខាងឆ្វេងដៃបុកខឿនសួនច្បារបណ្ដាលរថយន្តផ្ទុះកង់បើកទៅមុខមិនរួច តែស្រ្តីនៅតែបន្តព្យាយាមបើកទៅមុខទៀត ហើយសមត្ថកិច្ចយើងខ្លាចបើកបុកម៉ូតូផ្សេងទៀតក៏ធ្វើការឃាត់និងឲ្យស្រ្តីឈប់ និងនាំចេញពីក្នុងរថយន្តដើម្បីសួរនាំ ។

សមត្ថកិច្ចបន្តថា ក្រោយពីសួរនាំស្រ្តីវ័យក្មេងប្រាប់សមត្ថកិច្ចថា មូលហេតុបើកបររថយន្តបំបុកខឿនផ្លូវនេះ ដោយមានវិបត្តិគ្រួសារ ឈ្លោះគ្នាជាប្ដី ហើយក៏ខឹងបើករថយន្តចេញពីផ្ទះ ក្នុងគោលបំណងចង់សម្លាប់ខ្លួនតែម្ដង ដោយមិនចង់រស់បន្តជីវិតទៅមុខទៀតទេ ។ ក្រោយស្តាប់ការរៀបរាប់ពីនារីរូបនោះរួចមក សមត្ថកិច្ចក៏បាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមិនឲ្យបើកទៅទៀតទេ ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកយកត្រលប់ទៅផ្ទះវិញ។ ចំពោះការខូចខាត ខឿនសួនច្បារផ្លូវជាតិលេខ១នោះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏មិនបានចាប់ទោសអូសដំណើរ ទាមទារសងនោះដែរ ៕