ក្រុមហ៊ុនមួយមានឈ្មេាះ "ឌូវេរ៉ាឃិតឈិន ខេមបូឌា" ដោយសមត្ថកិច្ចមានការសង្ស័យគ្មានច្បាប់អនុញ្ញាតឲ្យប្រកបអជីវកម្ម បន្ទាប់ពីប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចថា ក្រុមហ៊ុនរៀបជាអន្ទាក់ ខលតាមទូរស័ព្ទប្រាប់ថា ពួកគាត់ត្រូវរង្វាន់ ផាវវើបេង (Power Bank) ដើម្បីបញ្ជោតឲ្យប្រជាពលរដ្ឋចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួលបង្ខំឲ្យទិញសម្ភារៈ ដែលមានតម្លៃចាប់ពី១០០០ដុល្លារ រហូតដល់ទៅ៣,០០០ដុល្លារ ។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោកអធិការក្រុងស្ទឹងសែន បានដឹកនាំកម្លាំងទៅពិនិត្យទីតាំងក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា "DUVERA KITCHEN Cambodia" នាសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស នៅជាន់ទី១ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចក៏បាននាំនារី ជាបុគ្គលិកក្រុមហ៊ុនចំនួន៧នាក់ មកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ផងដែរ ។
នេះបើតាមប្រភពពីជនរងគ្រោះម្នាក់ ជាមន្ត្រីរាជការបានរៀបរាប់ថា នៅថ្ងៃកើតហេតុ មានក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា បានទូរស័ព្ទប្រាប់ថា រូបគាត់ត្រូវរង្វាន់ថ្មបញ្ចូលទូរស័ព្ទ ឲ្យគាត់មកទទួលយកនៅទីតាំងដាក់តាំងលក់សម្ភារៈនេះ ស្ថិតក្នុងសណ្ឋាគារយ៉ាងស្ងាត់ៗ ក្នុងបន្ទប់តូច ដោយមិនបានបើកចំហរជាសាធារណៈ ម៉ាស៊ីម៉ាស្សាខ្នង បំពង់ចំម្រោះទឹកស្អាត ឆ្នាំងដាំបាយ ជើងក្រាន រួមទាំងថ្នាំមួយចំនួន ដែលផលិតផលទាំងនេះ មានសរសេរលាយឡំគ្នា ខ្លះជាភាសាជប៉ុន ខ្លះភាសាអង់គ្លេស ខ្លះភាសាចិន តែបុគ្គលិកប្រចាំការ បានប្រាប់ថា ជាផលិតផលរបស់អាមេរិកកាំងទាំងអស់ ។ប្រភពដដែល បន្តថា លុះមកដល់គេបាននិយាយរៀបរាប់ពីផលិតផលផ្សេងៗ ជាហូរហែ បន្ទាប់មកក៏បានឲ្យជនរងគ្រោះដេកលើ ផ្ទាំងម៉ាស្សាដើរដោយចរន្តអគ្គិសនី ពិភាក្សាពីក្រុមគ្រួសារឡើយ តែបើមិនទិញទេ បុគ្គលិកទាមទារប្រាក់កក់១០០ដុល្លារ ។ជនរងគ្រោះ បានបន្ថែមថា ទំនិញទាំងនោះ គឺអន់បំផុត ដែលលក់បើគិតពីតម្លៃ គឺថោក តែក្រុមបុគ្គលិកក្រុមហ៊ុន ប្រើមធ្យោបាយបង្ខំឲ្យទិញ ដោយមិនឲ្យចាកចេញទៅណា ឬក៏សួរនាំអ្នកណាឡើយ សូម្បីតែទូរស័ព្ទ ក៏មិនឲ្យជនរងគ្រោះទាក់ទងដែរ តែបើអត់លុយទិញទេ គឺក្រុមហ៊ុននឹងមានលុយឲ្យខ្ចីបន្ថែមទៀត ។ជនរងគ្រោះ បានបញ្ជាក់ថា ចំពោះឆ្នោតក្រោយពីចាប់បាន គឺឲ្យអ្នកចាប់ត្រូវចុះហត្ថលេខា រីឯរង្វាន់មិនបានឲ្យទេ គឺបង្ខំឲ្យទិញអីវ៉ាន់ផ្សេងស្នើនឹងតម្លៃទំនិញហ្នឹងដែរ ដូច្នេះគឺជាល្បិចបោកថ្មី សន្លឹកឆ្នោត គឺត្រូវទាំងអស់គ្មានសន្លឹកណាមិនត្រូវនោះទេ បន្ទាប់ពីត្រូវហើយ បង្ខំឲ្យទិញអីវ៉ានមានតម្លៃស្មើនឹងរង្វាន់ ដូច្នេះមិនចាំបាច់ចាប់ឆ្នោតធ្វើអី ចង់បានមកទិញតែម្តងវាល្អជាជាង ៕




