ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមការបញ្ជាក់របស់លោកជំទាវ ជូ ប៊ុនអេង បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីខ្មែរ ដែលរងការចោទថា ស៊ីឈ្នួលពពោះជំនួស ពេលនេះសមត្ថកិច្ចគ្រោងនឹងបញ្ជូនជនសង្ស័យ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

បញ្ជាក់ៈ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលពីសំណាក់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សសម្រាប់នាំឆ្លងដែន និងអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះ។
ការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើឡើងចំនួន៣កន្លែង ក្នុងខណ្ឌសែនសុខ ហើយជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះ មានស្ត្រីអ្នកមើលការខុសត្រូវ (មេការ) ២នាក់ អ្នករត់រ៉ឺម៉កម៉ូតូ២នាក់ និងស្ត្រីមានផ្ទៃពោះ (ស្ត្រីពពោះ) ចំនួន១១នាក់។ ចំពោះវត្ថុតាងដកហូតមានលិខិតឆ្លងដែន១ក្បាល ឧបករណ៍ពេទ្យមួយចំនួន (សុឺរាំង ថ្នាំពេទ្យប្រើរួចនិងមិនទាន់ប្រើ) និងរ៉ឺម៉កចំនួន២គ្រឿង។

ទាក់ទិននឹងករណីបង្ក្រាបនេះ សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ស្ត្រីមានផ្ទៃពោះទាំង១១នាក់ សុទ្ធសឹងជាស្ត្រីបម្រើការងារនៅតាមរោងចក្រ ដែលមេខ្យល់បានដើរអូសទាញឱ្យមកប្រកបមុខរបរនេះ។ ស្ត្រីស៊ីឈ្នួលពពោះត្រូវបានគេយកទៅចាក់មេជីវិត ដោយផ្តល់ប្រាក់ឱ្យម្នាក់២០០ដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់ និងទិញម្ហូបអាហារបំប៉នសុខភាព។ បន្ទាប់មក មេខ្យល់ឱ្យពួកគេស្នាក់នៅជួបជុំគ្នា ងាយស្រួលថែទាំគ្រប់គ្រង និងបានផ្តល់ប្រាក់លើការហូបចុកក្នុងម្នាក់១ថ្ងៃ១០ដុល្លារអាមេរិក ។
លុះដល់ពេលសម្រាលបានទារក ម្តាយត្រូវទទួលបានប្រាក់ឈ្នួលម្នាក់ ចាប់ពី៨ពាន់ ដល់១ម៉ឺនដុល្លារអាមេរិក ហើយកូនដែលកើតមកភ្លាមនោះ ត្រូវបានប្រគល់ឱ្យទៅម្ចាស់ប្រាក់។ ពេលនេះជនសង្ស័យជាមេខ្លោង ដែលបានរៀបចំប្រមែប្រមូលស្ត្រីធ្វើការតាមរោងចក្រឱ្យពពោះជំនួសនោះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ចាប់បានតែមេការនិងអ្នកចាត់ចែងទូទៅប៉ុណ្ណោះ។

បើតាមចម្លើយមេការនិងស្ត្រីពពោះបានប្រាប់សមត្ថកិច្ចថា ទារកដែលគេបង្កើតបាន ឬក៏ម្តាយដែលមានទារកនៅក្នុងផ្ទៃ ភាគច្រើនត្រូវមេខ្លោងនាំចេញទៅប្រទេសចិន។ សមត្ថកិច្ចគ្រោងនឹងបញ្ជូនជនសង្ស័យ៤នាក់ គឺមេការ២នាក់ និងអ្នករត់រ៉ឺម៉កម៉ូតូ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
បន្ទាប់ពីសាកសួរនិងចោទប្រកាន់ជនសង្ស័យទាំង៤នាក់នេះហើយ សមត្ថកិច្ចនឹងបន្តបញ្ជូនស្ត្រីពពោះចំនួន១១នាក់ទៅសាលាដំបូងដែរ ដើម្បីសុំការសម្រេច។ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ការពពោះជំនួសដោយលាក់លៀម ត្រូវបានចាត់ចូលជាបទល្មើសព្រហ្មទណ្ឌ ចាប់តាំងពីក្រោយថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ មក។

លោកជំទាវ ជូ ប៊ុនអេង បានប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) កាលពីថ្ងៃអាទិត្យទី១១ ខែវិច្ឆិកា ថា កាលពីមុនថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា មានការយោគយល់ ដោយផ្តល់ឱកាសដល់ស្ត្រីដែលពពោះជំនួស មកធ្វើកិច្ចសន្យា និងសហការជាមួយតុលាការ។ ប៉ុន្តែលោកជំទាវកត់សម្គាល់ថា មិនមានស្ត្រីពពោះជំនួសមកបង្ហាញខ្លួន ដូចដែលអាជ្ញាធរចង់បានទេ ហើយករណីពពោះជំនួសនេះ នៅតែកើតមាន ទើបសមត្ថកិច្ចចុះឃាត់ខ្លួនបញ្ជួនទៅតុលាការ។
លោកជំទាវបានឲ្យដឹងថា អ្នកដែលជួលស្ត្រីខ្មែរឲ្យពពោះជំនួសនោះ គឺសុទ្ធតែជាជនបរទេស ដែលត្រូវយកទារកឆ្លងដែន ហើយក្នុងនោះក៏មានជនជាតិចិនផងដែរ។ លោកជំទាវចាត់ទុកករណីនេះថា មានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហើយការចាប់ឃាត់ខ្លួននេះ គឺជាការបង្ក្រាបការជួញដូរមនុស្ស ៕