ដីព្រៃលិចទឹក ស្ថិតក្នុងដែនអភិរក្ស កំពុងត្រូវបានកាប់ទន្ទ្រាន ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ស្ទើរគ្មានសល់ពីសំណាក់ អ្នកមានលុយ និង មានអំណាច ដោយជ្រកក្រោមលេសទិញដូរ ពីពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ
-

កោះកុងៈ ដីព្រៃលិចទឹកដែលជាសម្បតិ្តសាធារណះរបស់រដ្ឋ រាប់រយហិចតា ដែលស្ថិតក្នុងដែនអភិរក្សរបស់ក្រសួងបរិស្ថាន នៅក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានកាប់ទន្រ្ទានដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ទើរគ្មានសល់ពីសំណាក់ អ្នកមានលុយ និង មានអំណាច ដោយជ្រកក្រោមលេសទិញដូរ ពីពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។

បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានអោយដឹងថា ប្រហែលជាមានការឃុបឃិតគ្នារវាងអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងការបើកដៃអោយឈ្មូញដែលមានលុយនិងមានអំណាច ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនហើយមើលទៅ បានជាការកាប់ទន្ទ្រានព្រៃលិចទឹកខាងលើ អាចធ្វើឡើងបានយ៉ាងស្ងប់ស្ងាត់ និង រលូនអស់រយះពេលជាង១ខែបែបនេះ ហើយបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេ ពិតជាគ្មានរឿងអ្វីដែលអាចលាក់បាំង ពីអស់លោកសមត្ថកិច្ចជំនាញបាននោះទេ កុំថាដល់ថ្នាក់មានការទន្ទ្រានព្រៃលិចទឹកដែលជាសម្បតិរដ្ឋអស់រាប់រយហិចតាបែបនេះ។

ប្រភពដដែលបានបន្តថា ដីភាគច្រើននៅក្នុងភូមិតាមាឃ គឺសុទ្ធតែជាកម្មសិទ្ធិរបស់ឧកញ៉ា ឯកឧត្តម និងលោកជំទាវ ចំពោះពលរដ្ឋមួយចំនួនដូចជាពួកគាត់ជាដើម គឺគ្មានដីកម្មសិទ្ធស្របច្បាប់នោះទេ ដោយគ្រាន់តែនាំគ្នាមករស់នៅតាមមាត់ព្រែកដើម្បីប្រកបរបរនេសាទបន្តិចបន្តួចប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋត្រូវការនោះគឺប្រហែលជាដេញពួកគាត់ខ្ចាត់ខ្ចាយរកកន្លែងនៅគ្មានផង ហេតុនេះហើយក្នុងនាមរូបគាត់ដែលពលរដ្ឋរស់នៅក្នុងភូមិតាមាឃ សូមអំពាវនាវអោយលោកជំទាវអភិបាលខេត្តកោះកុង មេត្តាជួយអន្តរាគមន៍អំពីបញ្ហាខាងលើផង ព្រោះថាព្រៃលិចទឹកគឺជាចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារនិងផ្តល់ជីវចម្រុះ ពិសេសព្រៃលិចទឹកជាតំបន់សម្រាប់មច្ចាជាតិ ក្តាម ខ្យង ធ្វើការពងកូនផងដែរ ហើយព្រៃលិចទឹកក៏មានសារះសំខាន់ក្នុងការរួមចំណែកក្នុងការលើកស្ទូយ និង ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។