ភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលពីសំណាក់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សសម្រាប់នាំឆ្លងដែន និងអន្តរការីរវាងអ្នកសុំកូននិងស្ត្រីពពោះ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នាពេលកន្លងមក។

នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះ មានស្ត្រីអ្នកមើលការខុសត្រូវ(មេការ)២នាក់ អ្នករត់រ៉ឺម៉កម៉ូតូ២នាក់ និងស្ត្រីមានផ្ទៃពោះ(ស្ត្រីពពោះ)ចំនួន១១នាក់ ។ ចំពោះវត្ថុតាងដកហូតមានលិខិតឆ្លងដែន១ក្បាល ឧបករណ៍ពេទ្យមួយចំនួន (សឺរុាំង ថ្នាំពេទ្យប្រើរួចនិងមិនទាន់ប្រើ) និងរ៉ឺម៉កចំនួន២គ្រឿង ។

សមត្ថកិច្ចប្រាប់ឲ្យដឹងទៀតថា ស្រ្តីទាំងអស់នេះ សុទ្ធសឹងជាស្ត្រីបម្រើការងារនៅតាមរោងចក្រ ដែលត្រូវបានមេខ្យល់អូសទាញមកឲ្យមកប្រកបមុខរបរនេះ។ ស្រី្តពពោះទាំងនោះត្រូវបានគេចាក់មេជីវិត ដោយផ្តល់ប្រាក់ក្នុងម្នាក់ ចំនួន២០០ដុល្លារ ដើម្បីយកទៅប្រើប្រាស់ ក៏ដូចជាបំប៉នកូនក្នុងផ្ទៃ។

លុះដល់ពេលសម្រាលហើយ ម្តាយត្រូវទទួលបានប្រាក់ឈ្នួលម្នាក់ ចាប់ពី៨ពាន់ ដល់១ម៉ឺនដុល្លារអាមេរិក ហើយកូនដែលកើតមកភ្លាមនោះ ត្រូវបានប្រគល់ឲ្យទៅម្ចាស់ប្រាក់ ។

បើតាមចំលើយសារភាពរបស់ស្រ្តី ពពោះបានប្រាប់សមត្ថកិច្ចថា ទារកដែលគេបង្កើតបាន ឬក៏ម្តាយដែលមានទារកនៅក្នុងផ្ទៃ ភាគច្រើនត្រូវមេខ្លោងនាំចេញទៅប្រទេសចិន ។
សមត្ថកិច្ចគ្រោងនឹងបញ្ជូនជនសង្ស័យ៤នាក់ គឺមេការ២នាក់និងអ្នករត់រ៉ឺម៉កមូ៉តូ(ឡំប្រឺតាឥណ្ឌា)២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។
លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា អ្នកដែលជួលស្ត្រីខ្មែរឲ្យពពោះជំនួសនោះ គឺសុទ្ធតែជាជនបរទេសដែលត្រូវយកទារកឆ្លងដែន ហើយក្នុងនោះក៏មានជនជាតិចិនផងដែរ ។ លោកជំទាវចាត់ទុកករណីនេះថា មានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ហើយការចាប់ឃាត់ខ្លួននេះគឺជាការបង្ក្រាបការជួញដូរមនុស្ស ៕
ដោយ៖ ភារ៉ា