បងប្អូន នៅខាងខេត្តតាកែវ ប្រយ័ត្នផង!!! មន្ត្រី​កាំកុងត្រូលខេត្តតាកែវ រកឃើញ​ស្ថានីយ​ប្រេងសាំង​ចំនួន៩កន្លែង ក្នុងចំណោម១៣កន្លែង ក្នុងខេត្ត​តាកែវ លក់​ប្រេងមិនគ្រប់លីត្រ
-

តាកែវៈ នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គនាយកដ្ឋាន​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូលខេត្តតាកែវ បាន​ចុះមក​ត្រួតពិនិត្យ តាម​បណ្ដាល​ស្ថានីយ និង​ដេប៉ូ​ប្រេងសាំង នៅក្នុង​ខេត្តតាកែវ ពី​សំណាក់​រថយន្ត​ពិសោធន៍​ចល័ត បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងសាំង​ចំនួន១៣កន្លែង ក្នុងនោះមាន៩កន្លែង លក់​មិនមាន​ភាពប្រក្រតី​នោះទេ។

ក្នុងចំណោម​ស្ថាន​នី​យ និង​ដេប៉ូ​ប្រេងសាំង​ ដែល​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​មាន​ស្ថានីយ និង​ដេប៉ូ​ប្រេងសាំង​ចំនួន៤ទីតាំង​ មាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ។ ២ទីតាំង​មិនមាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ ដោយឡែក៧ទីតាំង​ទៀត គឺ​មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ។ 

ចំពោះ​ថ្លៃ​លក់រាយ​របស់​ស្ថានីយ និង​ដេប៉ូ​ប្រេងសាំង​ទាំង១៣ទីតាំង​ បាន​អនុវត្តន៍​ត្រឹមត្រូវ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម។ ចំពោះ​ស្ថាន​នី​យ​ប្រេងសាំង​លក់​មិនមាន​គុណភាព មន្ត្រី​ជំនាញ​បាន​ដកហូតយក​គំរូ​ទៅ​វិភាគ នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ហើយ​បើ​យើង​រកឃើញថា ប្រេងសាំង​ទាំងអស់នេះ នៅតែ​លក់​មិន​គ្រប់​លីត្រ និង​មិនមាន​គុណភាព​ដូច​អ្វីដែល​យើង​ពិនិត្យ នៅ​រថយន្ត​ពិសោធន៍ យើង​នឹង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​ទំនិញ និង​សេវា។ 

ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងសាំង២ ដែល​ខុស​ទាំង​បរិមាណ និង​គ្មាន​គុណភាព​នោះ គឺ​ដេប៉ូ​របស់លោក ឈាវ លាំង ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​ត្រាំកក់ និង​មួយទៀត​ជា​ដេប៉ូ​របស់លោក ជៀក ច្រូ​វ។ ដោយឡែក​ស្ថាន​នី​យ៍ និង​ដេប៉ូ៧ទៀត ដែល​លក់​ខុស​បរិមាណ គឺ​ភាគច្រើន​ស្ថិតនៅ​ក្នុងស្រុក​ត្រាំកក់ និង​មួយទៀត​ជា​ដេប៉ូ​ចែកចាយ​ប្រេងសាំង​សា​វី​ម៉ិច​របស់​លោកស្រី ណុប ម៉ា​រី​យ៉ាន ដែលមាន​ទីតាំង​នៅក្នុង​ក្រុង​ដូន​កែវ ៕