អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យផ្អាកការងារអធិការនគរបាលក្រុងដូនកែវ ក្រោយពីប្រើអំពើហិង្សាលើភរិយា
-

តាកែវ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨  អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានចេញបទបញ្ជាឲ្យផ្អាកការងារអធិការនគរបាលក្រុងដូនកែវ ខេត្តតាកែវ គឺលោក ឆាយ សាវុធ ជាបណ្តោះអាសន្ន ដោយជាប់ពាក់ព័ន្ធការប្រើហិង្សាទៅលើភរិយារបស់ខ្លួន។


ការចាត់វិធានការនេះ បន្ទាប់ពីអ្នកស្រី ពៅ សុភាព ដែលជាភរិយាលោក  ឆាយ សាវុធ មន្ត្រីអធិការនគរបាលក្រុងដូនកែវ ក្រោយពីប្រើអំពើហិង្សាកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ។


ទាក់ទិនការបង្ហោះសារនេះផងដែរ អ្នកស្រី ពៅ សុភាព បានសរសេររៀបរាប់ទាំងក្តីឈឺចាប់ថា "វេលាម៉ោង១០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជួយស៊ែរៗៗផងតាមទាន់និងភ្នែកចង់បញ្ចេញស្មាដៃរបស់ខ្លួនអួតស្រីរបស់(អធិការដូនកែវ)សុខចិត្តលើកដៃវ៉ៃប្រពន្ធពេលដែលតាមទាន់និងភ្នែកហ្នឹងហើយអ្នកច្បាប់(ប្រើអំពើហិង្សា)"។


ផ្អែកតាមខ្លឹមសារដែលដាក់បញ្ជាមកលោកស្នងការខេត្តអនុវត្តបានឲ្យដឹងថា

ទី១/ សូមផ្អាកការងារអធិការនគរបាលរូបនេះសិន ដើម្បីធ្វើការស៊ើបអង្កេត។

ទី២/ ពិនិត្យអង្គហេតុនិងធ្វើការសម្រុះសម្រួលជាមួយនឹងក្រុមគ្រួសារ។ បើសិនជាសម្របសម្រួលមិនបានទេ ត្រូវ កសាងសំណុំរឿងនិងបញ្ជូនទៅតុលាការ។

ទី៣/ ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាលដោយចេញលិខិតព្រមានផ្អាកការងារអធិការនគរបាលរួបនេះ។