ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុ និងបាតុភូតធម្មជាតិ រួចមកឃើញ មានវិសម្ពាធចំនួន២ បានកើតឡើងក្នុងសមុទ្រប៉ាស៊ីហ្វិក ប្រទេសហ្វីលីពីន។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វិសម្ពាធទាំង២នេះ នឹងវិវត្តខ្លួនទៅជាព្យុះទី២៨ និងទី២៩ (មិនទាន់ដឹងឈ្មោះនៅឡើយ)។ ក្នុងចំណោមព្យុះទាំង២នេះ មានព្យុះមួយនឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកសមុទ្រចិនខាងត្បូង រួចហើយបន្តដំណើរមកដល់ឆ្នេរប្រទេសវៀតណាម (ភាគកណ្ដាល ) នៅថ្ងៃទី២៤ ខែវិច្ឆិកា។

លក្ខណៈបែបនេះ នឹងបង្កឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា តាមបណ្ដារាជធានី-ខេត្ត មួយចំនួននឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងបណ្ដាខេត្តតាមមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ តាមបណ្ដារាជធានី-ខេត្ត មួយចំនួននៅតំបន់វាលទំនាបប៉ែកខាងត្បូង និងភាគខាងកើតជាប់ប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន បង្កជាទឹកជំនន់រយៈពេលខ្លី នៅតាមតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀង ខ្យល់បក់បោកខ្លាំង ហើយរលកសមុទ្រមានកម្ពស់ខ្ពស់។ អាស្រ័យហេតុនេះ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមមាត់សមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ” ៕
