សូមប្រុងប្រយ័ត្នផង បងប្អូន ទាំងអស់គ្នា ដែលមកពីខេត្ត ពេលឃើញទំនិញថោកៗ លក់តាមស្តង់នាថ្ងៃបុណ្យអ៊ុំទូក សូមបងប្អូនកុំភ្លេចមើល កាលបរិច្ឆេទ ផុតកំណត់នៃការប្រើបា្រស់ផង កុំឲ្យអ្នកលក់ថា អ្នកស្រែងាយស្រួលបោក...!!!
-

ភ្នំពេញៈ យោងតាម​ផេ​ក អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដោយ​ទទួលបាន​កិច្ចសហការ​ពី មន្ទីរ​ពាណិជ្ជកម្ម​រាជធានី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅ​ហាង​លក់ទំនិញ​លាង​ឃ្លាំង​មួយកន្លែង ស្ថិតនៅ​ផ្លូវលំ​បេតុង​លេខ២០០៩ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លទ្ធផល​នៃ​ការត្រួតពិនិត្យ​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​មួយចំនួន​ជា​ប្រភេទ​អាហារ​បួស (សាច់ក្រក ហ​ត​ដក សាច់ជ្រូក ម៉ឹក សាច់មាន់ ប៉ា​តេ) នំ​សូកូឡា នំ​កញ្ចប់​ច្រើន​ប្រភេទ ស្ករ​ក្មេង ស្ក​រគៀម​ប៊ួ​យ ទឹក​សណ្តែក ទឹកដោះគោ​ខាប់ ទឹកក្រូច​កំប៉ុង និង​ស្រា​បៀ​កំប៉ុង។

សរុប​មាន​ទម្ងន់​ប្រមាណ ១៩០.៥០ គីឡូក្រាម ហើយ​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ធ្វើ​កំណត់ហេតុ​ដកហូត និង​បានឱ្យ​តំណាង​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដាក់​តាំង​លក់ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​បន្តទៀត ករណី​មិន​រាងចាល​នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕