រឿងរ៉ាវអាថ៌កំបាំងរបស់ប្រទេសនីមួយៗ ជុំវិញពិភពលោក ដែលអ្នកទាំងអស់គ្នាមិនដែលបានដឹង កប់ក្នុងបាតសមុទ្រ...!!!
-

ជុំវិញផែនដីដែលមនុស្សកំពុងរស់នៅ មានកន្លែងអាថ៌កម្បាំងច្រើនរាប់មិនអស់ មិនថាទីនោះជាកន្លែងបែបធម្មជាតិ ឬ ប្រវត្តិសាស្រ្តឡើយ។ ទោះយ៉ាងណា កន្លែងទាំងនោះគេចមិនផុត ពីមហិច្ឆតាស្រេកឃ្លានចង់ដឹងចង់ឃើញ ពីសំណាក់អ្នកស្រាវជ្រាវ ឬអ្នករុករកឡើយ ហើយត្រូវបានរកឃើញម្តងមួយៗ។

១.ក្រុងតោ (Lion City) បឹងឈានតោ ប្រទេសចិន

ក្រុងនេះត្រូវបានពន្លិចដោយចេតនានៅឆ្នាំ១៩៥៩ ដើម្បីបើកផ្លូវធ្វើបឹងសិប្បនិម្មិត និងស្ថានីយវារីអគ្គិសនី។ គេដាក់ឈ្មោះវាតាមភ្នំតោ ដែលព័ទ្ធជុំវិញបឹងនេះ។ ទីនេះធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសចិនប៉ែកខាងកើត។ វាត្រូវបានគេបំភ្លេចចោលជាង ៥០ឆ្នាំមកហើយ មុននឹងរកឃើញជាថ្មីនៅឆ្នាំ ២០១១។ ស្ថិតនៅជម្រៅចន្លោះពី ២៦ទៅ៤០ម៉ែត្រ ក្រោមបឹងខៀវឈានតោ។ អ្នកទេសចរនឹងឃើញជណ្តើរឈើ និងផ្ទះធ្វើពីឥដ្ឋជាច្រើន ដែលត្រូវបានអភិរក្សទាំងស្រុង។

២.វិមានយ៉ុណាហ៊្គុនិ (Yonaguni) ប្រទេសជប៉ុន

វិមានដែលបានត្រូវគេរកឃើញនៅឆ្នាំ ១៩៨៦ នេះ មានផ្ទាំងថ្មទោលជាច្រើន ដែលមើលទៅដូចជាត្រូវបានគេតម្រៀបនៅខាងៗភ្នំអ៊ីចឹង។ ទោះយ៉ាងណា មានការខ្វែងគំនិតគ្នាថា វាជាស្នាដៃមនុស្ស ឬកើតឡើងដោយធម្មជាតិ។ បុរាណវត្ថុវិទូប៉ាន់ប្រមាណថា បណ្តុំថ្មទាំងនេះ មានអាយុកាលដល់ទៅ ១០,០០០ ឆ្នាំ។ បើជាស្នាដៃមនុស្សមែននោះ វានឹងក្លាយជាសំណង់ ដែលចំណាស់បំផុតក្នុងលោក គឺមុនប្រាសាទពីរ៉ាមីត របស់អេហ្ស៊ីបទៅទៀត។ ទីនេះជាកន្លែងដ៏ឥតខ្ចោះសម្រាប់មុជទឹកបណ្តែត ហើយបើចុះទៅទស្សនានៅរដូវរងា អ្នកអាចប្រទះហ្វូងត្រីឆ្លាមក្បាលញញួរ ដែលហែលឆ្វែលចុះឡើងៗ!

៣. ក្រុងអានធើហូដូស (Antirhodos) ប្រទេសអេហ្ស៊ីប

កោះបុរាណក្រោមទឹកដែលត្រូវបានគេជឿថា លិចក្រោមសមុទ្រព្រោះតែគ្រោះរញ្ជួយផែនដី នៅល្បាក់សតវត្សរ៍ទី៤ មួយនេះបានត្រូវរកឃើញជាថ្មីនៅឆ្នាំ ១៩៩៦ ជិតកំពង់ផែ អាឡិចសានឌ្រីយ៉ា (Alexandria harbor)។ បន្ថែមពីលើទីតាំងនៃសើនបញ្ចាំងភ្លើង (Lighthouse) ប្រចាំផែ អាឡិចសានឌ្រីយ៉ា សំណង់បុរាណដ៏អច្ឆរិយៈ ដែលពិភពលោកបានសន្មត់ថាបាត់បង់រហូតហើយនោះ អ្នករុករកអាចឃើញរាជវាំងកម្រាលថ្មម៉ាបនៅសតវត្សរ៍ទី៣ ដែលគេជឿថាធ្លាប់ជាកម្មសិទ្ធិរបស់ស្តេច ក្លេអូផាត្រា (Cleopatra) ។ ម្យ៉ាងទៀត រាជវាំងរបស់ Mark Anthony ដែលសង់មិនទាន់រួច (the Mimonium) ក៏ស្ថិតនៅលើកោះនេះដែរ។ គ្រឿងអលង្ការ ផើង ថែមទាំងនាវាដឹកទំនិញបុរាណៗ ក៏ត្រូវបានរកឃើញផងដែរ។ អ្វីដែលល្អបំផុតនោះគឺ កោះនេះនៅក្រោមទឹកត្រឹមតែពីរបីម៉ែត្រប៉ុណ្ណោះ ដែលបង្កលក្ខណៈងាយស្រួលដល់ការរុករក ទោះអ្នកជាអ្នកមុជទឹកជើងថ្មីក៏ដោយ ។

៤.ក្រុងអាតលីត យ៉ាម (Atlit-Yam) ប្រទេសអ៊ីស្រាអែល

សំណង់បុរាណក្រោមទឹក នាយុគសម័យក្រោយៗនេះ ត្រូវបានរកឃើញនៅឆ្នាំ ១៩៨៤ ក្បែរឆ្នេរ អាតលីត ជិតក្រុង ហៃហ្វា (Haifa) និងត្រូវបានប៉ាន់ប្រមាណថាសង់ឡើងចន្លោះពី ៦,៩០០ ទៅ ៦,៣០០ មុនគ.ស។ ផ្ទះអណ្តូងថ្ម សំណាក់សាសនា វត្ថុសិល្បៈ និងផ្នូរដែលមានឆ្អឹងសព ត្រូវបានរកឃើញក្រោយជីកកកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះគឺ ទីតាំងនេះបានផ្តល់នូវភស្តុតាងដ៏ច្បាស់លាស់ ពីកន្លែងដែលមនុស្ស ផ្លាស់ប្តូរពីជីវិតជាអ្នកប្រមាញ់ ទៅជាកសិករ។ សូមបញ្ជាក់ថា គេតម្រូវឱ្យមានធានារ៉ាប់រង ក្នុងការមុជទឹកនេះ ដូច្នេះសូមកុំភ្លេចខណៈរៀបចំដំណើរកម្សាន្តនេះ។

៥.ច្រករាជវង្ស (Port Royal) ប្រទេសចាម៉ៃកា

ទីនេះធ្លាប់ជាមជ្ឈមណ្ឌលដ៏ល្បីល្បាញសម្រាប់ចោរសមុទ្រ ស្រ្តីរកស៊ីផ្លូវភេទ ស្រា និងការជប់លៀងដ៏អធិកអធមទល់ភ្លឺ ហើយត្រូវបានគេប្រសិទ្ធនាមថា “ក្រុងដ៏ឃោរឃៅ និងបាបកម្មបំផុតក្នុងលោក”។ ត្រឹមឆ្នាំ១៦៩២ សកម្មភាពទាំងនោះត្រូវរលាយ ក៏ព្រោះតែមហាគ្រោះរញ្ជួយដីកម្រិត ៧.៥ ដែលកក្រើកកោះទាំងមូល ហើយស្រូបវាចូលទៅក្នុងមហាសមុទ្រ ដោយសារតែគ្រឹះមិនរឹងមាំ និងបានសម្លាប់មនុស្សជាង ២,០០០ នាក់។ ក្រុងបាតសមុទ្រដែលស្ថិតនៅជម្រៅ ១២ ម៉ែត្រនេះ ជាសម្បុកនៃការរុករកវត្ថុបុរាណ ខណៈវត្ថុសិល្បៈដែលស្ទើរតែឥតខ្ចោះជាច្រើន នៅតែសម្ញែងរូបរាងនៅក្រោមនោះ។