ភ្នំពេញ៖ តារាសម្តែងប្រុស ដ៏មានប្រជាប្រិយភាព លោក លី ណូរ៉ា ទទួលបានឱកាសការងារសិល្បៈថ្មីៗបន្តបន្ទាប់ ក្រោយពីផលិតករបានសំឡឹងឃើញសមត្ថភាពនៃការសម្តែងរបស់តារាប្រុសរូបនេះ។
កាលពីថ្មីៗនេះតារាចម្រៀងស្រស់ស្អាតកញ្ញា ឈិត សុវណ្ណបញ្ញា បានចេញបទចំរៀងថ្មី មួយបទដែលមានចំណងជើងថា “ខឹងគេតិចៗ នឹកគេខ្លាំងៗ” ដោយមានការសម្តែងពីតួប្រុសដ៏ស្រស់សង្ហារ លោក លី ណូរ៉ា ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ។
គួរបញ្ជាក់ផងដែរថា តារាប្រុសស្រស់សង្ហារូបនេះ ធ្លាប់បានចេញសម្តែងក្នុងបទចំរៀងជាច្រើនដូចជា "អូនគ្មានសិទ្ធិធ្វើអ្នកជម្ងឺបងទេ" ដែលច្រៀងដោយលោក កែវ វាសនា ដោយរូបលោកដើរតួជាលោកគ្រូពេទ្យផងដែរ។
ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងបទចំរៀង "អូនគ្មានសិទ្ធិធ្វើអ្នកជម្ងឺបងទេ" របស់ផលិតកម្មថោនរួចមក ខណៈពេលនេះ តារាប្រុសរូបនេះក៏បានសម្តែងម្តងទៀតហើយ នៅក្នុងបទចំរៀងរបស់កញ្ញា ឈិត សុវណ្ណបញ្ញាផង។
នៅក្នុងការសម្តែងបទថ្មីរបស់កញ្ញា ឈិត សុវណ្ណបញ្ញា នេះផង ទទួលបានការគាំទ្រយ៉ាងខ្លាំង មិនចាញ់បទមុនៗនោះទេ។ ហើយរូបលោកក៏រំពឹងថា ដើមឆ្នាំក្រោយលោកនឹងទទួលបានឱកាសការងារ សិល្បៈថ្មីៗកាន់តែច្រើនឡើង។

















